ខេត្តសៀមរាប ៖ ពិតជាសាហាវណាស់ ! បុរសម្នាក់បានយកកូនកាំបិតចាក់ស្ត្រីម្នាក់ជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ ផ្ដើមចេញពីការឈ្លោះប្រកែកគ្នារឿងជនរងគ្រោះជំពាក់លុយ១០ ០០០ដុល្លារ សងរួច៣០០០ដុល្លារ នៅសល់៧០០០ដុល្លារទៀតមិនព្រមសង និងគំរាមប្តឹងម្ចាស់បំណុលថែមទៀត ។
ដោយសារមូលហេតុនេះ ក៏បានក្លាយទៅជាការបង្កបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដោយបុរសជាម្ចាស់បំណុលបានចាក់ស្ត្រីជាកូនបំណុលជាច្រើនកាំបិតរហូតរងរបួសធ្ងន់ ។ ករណីហិង្សានេះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ រហូតដល់សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសដៃឆៅរូបនេះបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការច្បាប់ ។
ហេតុការណ៍ហិង្សានេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅបរិវេណផ្ទះជួលក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ។បើតាមលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ស្នងការរងនគរបាលខេត្ត និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់តាមតេឡេក្រាមនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ថា ករណីហិង្សារវាងម្ចាស់បំណុលនិងកូនបំណុលនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបុរសជាម្ចាស់បំណុលឈ្មោះ ផល បូរ៉ា អាយុ២៥ឆ្នាំ មុខរបរចងការប្រាក់ មានស្រុកកំណើតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប បច្ចុប្បន្ននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ។ ជននេះពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង គឺជាប់ចោទពីបទប៉ុនប៉ងឃាតកម្ម(ចាក់នឹងកូនកាំបិតចិនបន្លែ) ប្រព្រឹត្តនៅនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ។
តាមព័ត៌មានថា កន្លងមកជនរងគ្រោះឈ្មោះតាន់ ម៉ារ៉ា ហៅ យ៉ា ភេទស្រី អាយុ៣៥ឆ្នាំរស់នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានខ្ចីប្រាក់ពីជនដៃដល់សរុបចំនួន ១មុឺនដុល្លារ ។ ក្រោយមក នៅអំឡុងខែសីហា ឆ្នាំ២០២៥ ឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា បានសងចំនួន ៣ ០០០ដុល្លារ នៅសល់ចំនួន ៧ ០០០ដុល្លារ មិនទាន់បានសងនៅឡើយទេ ហើយក៏មានការឈ្លោះគ្នាជាបន្តបន្ទាប់ ។ ជាក់ស្តែង នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឈ្មោះ ផល បូរ៉ា ជាម្ចាស់កំណុល បានទៅសួរនាំឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា ជាកូនបំណុល នៅផ្ទះម្ដាយនាងនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ។
ប៉ុន្តែនៅពេលទៅដល់និយាយសម្របសម្រួលគ្នាមិនត្រូវ ហើយក៏មានការឈ្លោះប្រកែកគ្នា ។ ពេលនោះឈ្មោះ ផល បូរ៉ា បានដកកាំបិតចិតបន្លែ ដែលគេទុកក្នុងកែបម៉ូតូរបស់គេម៉ាក ណិច ចាក់ជនរងគ្រោះឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា ជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។ ចំណែកជនដៃដល់ បានចូលខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តែក សារភាពពីសកម្មភាពល្មើសដែលខ្លួនបានប្រព្រឹត្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនឈ្មោះ ផល បូរ៉ា បានឆ្លើយសារភាពថា រូបគេពិតជាបានចាក់ស្ត្រីកូនបំណុលមែន ។ នៅអំឡុងឆ្នាំ២០១៩ ខ្លួនបានផ្តល់ប្រាក់កម្ចីចងការឱ្យឈ្មោះ តាន់ ម៉ារ៉ាហៅ យ៉ា សរុប១ម៉ឺនដុល្លារ តែរូបនាងមិនព្រមសងទេ ទើបនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៧យប់ រូបគេទៅផ្ទះឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា សួរនាំរឿងប្រាក់ដែលជំពាក់ ។
ប៉ុន្តែដោយនិយាយមិនត្រូវគ្នា ខ្លួនក៏ស្ទុះទៅ់យកកាំបិតចិតបន្លែពីចង្ក្រានបាយរបស់ស្ត្រីរូបនេះ ដើរសំដៅមកកាន់រូបនាង ហើយដៃស្ដាំចាប់ក្របួចកអាវ និងដៃឆ្វេងកាន់កូនកាំបិតភ្ជង់ករបស់នាង ទើបនាងសម្រួលសុំទូទាត់សង ។ បន្ទាប់មក ក្នុងខែសីហា ឆ្នាំ២០២៥ដដែល ឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា បានសងប្រាក់ ២លើក សរុបចំនួន ៣ ០០០ដុល្លារ ចំណែកបំណុលដែលនៅសល់ចំនួន ៧ ០០០ដុល្លារ គេមិនព្រមសងនោះទេ ថែមទាំងគំរាមប្តឹងបកវិញទៀតផង ។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៩ព្រឹក ខ្លួនបានជិះម៉ូតូតែម្នាក់ឯងទៅរកឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា នៅផ្ទះរបស់នាងក្នុងភូមិគោកត្នោត ឃុំកណ្ដែក ប៉ុន្តែមិនឃើញក៏ទៅផ្ទះម្ដាយនាង ស្ថិតនៅភូមិគោកធ្លក ដោយដាក់កូនកាំបិតចិតបន្លែដែលយកពីផ្ទះនាងកាលពីលើកមុនទុកក្នុងកែបម៉ូតូ ។
នៅពេលទៅដល់ឃើញឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា កំពុងអង្គុយលើគ្រែមុខផ្ទះ ក៏ដើរចូលទៅនិយាយរឿងប្រាក់ ជំពាក់ ភ្លាមនោះក៏កើតជាជម្លោះ ធ្វើឱ្យខ្លួនខឹងខ្លាំងស្ទុះទៅយកកាំបិតពីក្នុងកែបម៉ូតូចាក់ឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា ៥ ទៅ ៦កាំបិត ដោយកាំបិតទី១ ក់សំដៅចន្លោះដើមទ្រូង និងក ។
ពេលនោះ នាងបានប្រវាយប្រតប់ ខ្លួនក៏យកដៃស្តាំចាប់ក្របួចសក់ ដៃខាងឆ្វេងកាន់កូនកាំបិត ចាក់នាងប្រហែល ៥កាំបិតទៀត តែមិនដឹងថាត្រូវចំកន្លែងណាខ្លះទេ ឃើញឈាមហូរស្រោចផ្ទៃមុខ និងដងខ្លួន ។ ក្នុងពេលនោះដែរ ឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា និងម្តាយរបស់នាង បានលើកដៃសំពះ ទើបរូបខ្លួនបញ្ឈប់សកម្មភាព ។
ករណីខាងលើនេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកស្ត្រីឈ្មោះ តាន់ ម៉ារ៉ា ហៅ យ៉ា កំពុងធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយកម្លាំងសមត្ថកិច្ចនៅពុំទាន់អាចសាកសួរបាននៅឡើយទេ ៕
ចែករំលែកព័តមាននេះ