រាជធានីភ្នំពេញ ៖ អំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខទៀត ត្រូវបានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ, ក្រុមមេធាវី ប្រចាំសាលារាជធានីភ្នំពេញ, ក្រុមហ៊ុនកាត់ដេរ,អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ, ពន្ធនាគារ, ខណ្ឌដង្កោ, ខណ្ឌសែនសុខ, ខណ្ឌច្បារអំពៅ ហើយបណ្ដាខណ្ឌមួយចំនួនទៀត បន្តនាំយកអំណោយមកជាបន្តបន្ទាប់ ខណៈដែលសប្បុរសជនជាច្រើនទៀត បានសម្រុកនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីមានផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា ។
ពិធីប្រគល់និងទទួល នាព្រឹកថ្ងៃសៅរ៍ ទី១៣ ធ្នូ ២០២៥នេះ ធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយលោក និងលោកស្រីអភិបាលរងរាជធានី និងដោយមានការចូលរួមពី ឧត្តមសេនីយ៍ស្នងការនរគបាលរាជធានី និងលោកឧត្តមសេនីយ៍មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
អំណោយដែលទទួលបាន នាព្រឹកថ្ងៃសៅរ៍ ទី១៣ធ្នូនេះ មិនខុសពីថ្ងៃមុនៗឡើយ ដែលមានដូចជា ៖ ថវិកា ត្រីខ មី ទឹកបរិសុទ្ធ អង្ករ អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ខ្សែចង មួក កន្ទេល នំក្រៀម ឆ្នាំង ភួយ ទឹកផ្លែឈើ និងទឹកក្រូច ក្រម៉ា អាវ និងថ្នាំពេទ្យជាដើម ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលាដំបូង និងព្រះរាជ អាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ, ក្រុមមេធាវី ប្រចាំសាលារាជធានីភ្នំពេញ, ក្រុមហ៊ុនកាត់ដេរ, អាជ្ញាធរខណ្ឌនានា,ពន្ធនាគារ និងបងប្អូនប្រជាពលរដ្ឋជាសប្បុរសជននានា ដែលបានបានចំណាយធនធានចូលរួមឧបត្ថម្ភ តាមរយៈ រដ្ឋបាល រាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំ បែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា ។
រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង ក៏សូមកោតសរសើរចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ កំពុងផុសផុលមកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ ។
គួរបញ្ជាក់ដែរថា លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមម៉ោង ១៨:០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលនូវការបរិច្ចាគអំណោយ បានសរុប ជាប្រាក់រៀលចំនួន ២៩៤.៣៩០.៥៥៥រៀល និងប្រាក់ដុល្លារចំនួន៦៧.៥៩៩ ដុល្លារអាមេរិក និងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យសម្ភារ ផ្សេងៗជាច្រើនមុខទៀត ៕





ចែករំលែកព័តមាននេះ