ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំប្ដេជ្ញាថានឹងសងសឹកករណីដែលក្រុមភេរវកម្មអាយស៊ីសសម្លាប់ទាហានអាមេរិក២នាក់ និងអ្នកបកប្រែភាសាម្នាក់ជាជនស៊ីវិលនៅប្រទេសស៊ីរីភាគកណ្ដាល។ លោកថ្លែងថាយើងត្រូវតែសងសឹក។ កាលពីមុននោះ លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមថាប្រធានាធិបតីស៊ីរី លោកអាល់សារ៉ា (al-Sharaa) ផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះហេតុការណ៍វាយប្រហារលើកនេះ។

មន្ត្រីរដ្ឋាភិបាលស៊ីរីថ្លែងថាទាហានអាមេរិក និងអ្នកបកប្រែបានល្បាតរួមគ្នាជាមួយទាហានស៊ីរី ហើយក៏រងការបាញ់ប្រហារតែម្ដង។ បញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកប្រកាសអំពីការស្លាប់នេះនៅលើបណ្ដាញអ៊ិចបន្ទាប់ពីសារព័ត៌មានរបស់ប្រទេសស៊ីរីផ្សាយកាលពីមុននោះថាការវាយប្រហារមួយបានកើតឡើងនៅទីក្រុងប៉ាល់មីរ៉ា (Palmyra) បណ្ដាលឱ្យរបួសទាហានអាមេរិក និងទាហានស៊ីរីជាច្រើននាក់។

ជនប្រដាប់អាវុធរបស់ក្រុមអាយស៊ីសម្នាក់បានបើកប្រតិបត្តិការវាយឆ្មក់បណ្ដាលឱ្យស្លាប់ជនជាតិអាមេរិកបីនាក់ និងរបួសទាហានបីនាក់ទៀត។ ជនប្រដាប់អាវុធរូបនោះក៏រងការវាយបកវិញ និងបានស្លាប់ហើយ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណថ្លែងថាការវាយប្រហារនោះកើតឡើងនៅពេលទាហានអាមេរិកចូលរួមនៅក្នុងយុទ្ធនាការសំខាន់មួយដើម្បីគាំទ្រប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម។

បេសកជនរបស់អាមេរិកប្រចាំប្រទេសស៊ីរីថ្លែងបន្ថែមថាគោលដៅនៃការវាយឆ្មក់នេះគឺក្រុមល្បាតរួមគ្នារវាងទាហានអាមេរិក និងស៊ីរី។ អត្តសញ្ញាណរបស់ទាហានអាមេរិកដែលស្លាប់នឹងត្រូវរក្សាទុកជាការណ៍សម្ងាត់រហូតដល់ក្រុមគ្រួសារទទួលយកសពរបស់ពួកគេជាមុនសិន។ រយៈពេលមួយឆ្នាំចាប់តាំងពីរដ្ឋាភិបាលថ្មីឡើងកាន់អំណាចនៅប្រទេសស៊ីរី នេះជាករណីស្លាប់ទាហានអាមេរិកលើកទី១។

ប្រភពពីមន្ត្រីយោធាស៊ីរីដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាការបាញ់ប្រហារនោះកើតឡើងនៅពេលមានកិច្ចប្រជុំរវាងមន្ត្រីយោធាអាមេរិក និងស៊ីរីនៅឯមូលដ្ឋានយោធានៃទីក្រុងប៉ាល់មីរ៉ា។ មន្ត្រីម្នាក់នៅមន្ទីរបញ្ចកោណដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាការបាញ់ប្រហារនោះកើតឡើងនៅក្នុងទីតាំងដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរី។ នេះបើតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ