ខេត្តឧត្ដមានជ័យ ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ចំនួន៦៤មុខ មកប្រគល់ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ ស្រុក ស្មើ២៤ឃុំចំនួន១២០៩៤គ្រួសារ ស្មើជាង៤ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាព ខេត្ដឧត្ដមានជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខណៈមហិច្ឆតាឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា កំពុងបន្ដយ៉ាងគឃ្លើនទាំងបំពាន លើដែនអធិបតេយ្យកម្ពុជា បម្ដងហើយម្ដងទៀត ។
អំណោយទាំងអស់នេះត្រូវបាន លោក អ៊ីម រ៉ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូន ឯកឧត្ដម អ៊ុន សុភ័ក្រ អភិបាលរងខេត្ដឧត្ដមានជ័យ និងជាប្រធានទទួលបន្ទុកមណ្ឌលភៀសសឹកទាំង៦ជំរុំ ដើម្បីចែកជូន បន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញ ពីផ្ទះសម្បែង ចំនួន ១២០៩៤គ្រួសារ ស្មើនឹង៤១២៤១នាក់ ក្នុងនោះមានស្ដ្រី១៩៨៩១នាក់ និងកុមារចំនួន១៨៩៣នាក់ផងដែរ ។
អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមក ប្រគល់ ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅពេលនេះ រួមមាន៖ .ទឹកបរិសុទ្ធ,ភេសជ្ជៈចម្រុះ, អំបិល , ធូបមូស,ថ្នាំបាញ់មូស,សៀង,ម៉ាស,តង់, ឆ័ត្រ,កញ្ច្រែង,ផ្អក , បាយក្តាំង,ត្រីប្រឡាក់,ត្រីងៀត, សំឡីអនាម័យ,នំកញ្ចប់, ខ្ទឹមស នំប្រអប់ ,ទឹកដោះគោចម្រុះ, ច្រាស់ដុសធ្មេញ, ពងមាន់,ពងទា ,ពងទាប្រៃ,ត្រីខ,បារី,សាច់ក្រក,នំកញ្ចប់, កាហ្វេ ,ធូបមូស, ដំណាប់ផ្លែឈើ, ថ្នាំដុសធ្មេញ,សាប៊ូ,ប្រេងកូឡា,ស្ករស,ខ្ទឹមបារាំង,សាច់ផាត់,ស្បែក ជើង, ចានឆ្នាំង, ចានជ័រ, ចានអីណុក,នំធុង,សាច់ផាត់ត្រី,ឆៃថាវ,មីកូនក្មេង, សៀង,ចេកសមូត,ប៊ីចេង,ក្រដាសជូតមាត់,ជូតមុខ,យ៉ាអូរ, ដំណាប់គ្រប់មុខ,វីតាមីន,ស្រោមជើង, ធុងសំរាម,ខោអាវចាស់ៗ,ត្រីខកំប៉ុង,ទឹកត្រី,ទឹកស៊ីអ៉ីវ,ភួយមុង កន្ទេល,បន្លែត្រីសាច់ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនមុខទៀត សរុបទាំងអស់ចំនួន៦៤ មុខ។
លោក អុីមរ៉ន ហាស្សាន់ អភិបាលរងថ្លែងក្នុងនាមឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួម ចែករំលែកនូវ ធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុម គ្រួសារប្រជាពលរដ្ឋ ដែលបាននឹងកំពុង ជម្លៀសចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព ទាំង៦កន្លែង នៅខេត្ដឧត្ដមានជ័យនេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។ លោក បានសូម អរគុណនូវទឹក ចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជនក្នុងស្មារតីខ្មែរជួយខ្មែរ។ក្នុងនាម យើងនៅសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងប្អូនវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើងឈរជើងការពារជាតិទឹកដីនិងជួយដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែងសុវត្ថិភាពនេះ ជារៀងរហូត។
លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ដឧត្ដមានជ័យ ក៏បានអរគុណជូនចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈ លោក អុីម រ៉នហាស្សាន់ បានដឹកនាំអំណោយសប្បុរសជន យកមកផ្ដល់ជូនវីរៈកងទ័ពជួរមុខនៅខេត្ដឧត្ដមានជ័យនិងជនភៀសសឹកនាពេលនេះលោកនិងធ្វើការបែងចែកជូនទៅ ដល់ដៃវីរៈកងទ័ពជួរមុខ និងជូនបងប្អូនជនភៀសសឹក ដោយផ្ទាល់ នៅពេលដ៏ឆាប់ៗបំផុតនេះ ហើយការជួយឧបត្ថម្ភនេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរពិតប្រាកដ ។
តាមរបាយការណ៍ របស់លោក លី រដ្ឋា អភិបាលស្រុក ចុងកាល់ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥នេះមានប្រជាពលរដ្ឋជនភៀសសឹកមកស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកចុងកាល់ ២កន្លែងសរុបចំនួន៩២៥៤គ្រួសារ ស្មើនិងចំនួន១២៤៥៧នាក់ ក្នុងនោះមនុស្សចាស់៣៥៧នាក់ និងកុមារ២៨៦នាក់ ក្នុងនោះកុមារប៉ះពាល់ការសិក្សារជាង១០០នាក់ផងដែរ។
ដោយឡែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទូទាំងខេត្ដឧត្ដមានជ័យ មកស្នាក់បណ្ដោះអាសន្នទាំង៦កន្លែងសរុបចំនួន១២០៩៤ គ្រួសារ ស្មើ៤១២៤១នាក់ ក្នុងនោះស្ដ្រីចំនួន១៩៨៩១នាក់ ក្នុងនោះមានកុមារ៧៦៥៣នាក់ផងដែរ ៕




ចែករំលែកព័តមាននេះ