ខេត្តកណ្តាល ៖ មានករណីនារីស្រស់ស្អាតម្នាក់ ជិះម៉ូតូត្រឡប់មកពីកន្លែងញ៉ាំអី សង្ស័យបើកបរក្នុងល្បឿនលឿន រេចង្កូតមកខាងស្ដាំដៃ ក៏បុកជាមួយរបងថ្ម បណ្ដាលអោយបាក់.កស្លា.ប់ភ្លាមៗនៅកន្លែង ។
ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតទ្បើង កាលពីវេលាម៉ោង២និង៤០នាទីឈានចូលព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចខាងមុខហាងកាហ្វេ «ឃ្រូសំរោង» លើផ្លូវជាតិលេខ២១A ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1LR-2904 បើកបរដោយឈ្មោះ ឡុង នីតា ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូង ពីកន្លែងញ៉ាំអី ដើម្បីត្រទ្បប់មកផ្ទះវិញ លុះដល់ចំណុចកើតហេតុ ជនរងគ្រោះបានជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរ៉េចង្កូតទៅខាងស្ដាំដៃបុកជាមួយរបងថ្មបណ្ដាលអោយបាក់កស្លា.ប់យ៉ាងរន្ធត់ ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលក្រុងតាខ្មៅ បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការចុះវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំក្រុមគ្រួសារមកទទួលយកវិញ ។ ចំណែកសពត្រូវបាននគរបាលប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមូលហេតុ ដោយសារអ្នកបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕




ចែករំលែកព័តមាននេះ