ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ត្រូវរថភ្លើងកិនស្លាប់នៅនឹងកន្លែង ក្នុងខណៈបុរសរូបនោះ បានដេកនៅលើផ្លូវរថភ្លើង។ ហេតុការណ៌នោះបានកើតមានឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ លើដងផ្លូវដែក ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថភ្លើង០១ខ្សែ ប្រភេទដឹកអ្នកដំណើរ ដែលធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ និងអ្នកបើកបរ (មិនទាន់ស្គាល់អត្តសញ្ញាណ) ។ លុះមកដល់ចំណុចខាងលើ បានបុក និងកិនបុរសម្នាក់ ឈ្មោះ ហែម រិន អាយុ៣២ឆ្នាំ (មានសតិមិនប្រក្រតី) មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងដេកលើផ្លូវដែក តែម្ដង ។
សមត្ថកិច្ចបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលអោយបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថភ្លើង ត្រូវបានអ្នកបើកបរបន្ដដំណើរទៅមុខបាត់ ៕

ចែករំលែកព័តមាននេះ