ខេត្តកំពង់ធំ៖ គម្រោងអាងទឹកដងកាំបិតនឹងផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្ម ប្រមាណ ១៣ម៉ឺនហិកតា និងការប្រើប្រាស់សម្រាប់ពហុវិស័យនៅតំបន់ផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនទិន្នផលស្រូវពី៤តោន ទៅ៥,៤តោនក្នុងមួយហិកតា ដែលជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ រួមទាំងមន្ត្រីពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្រោមហិរញ្ញប្បទានសម្បទានពីប្រទេសចិន ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
បើតាមក្រសួង, គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ត្រូវប្រើរយៈពេលសាងសង់ប្រមាណ ៤៨ខែ ដោយចាប់ផ្តើមការដ្ឋានក្នុងខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧ ដែលមានការងារសំខាន់ៗដូចជា៖ ទី១)សាងសង់ទំនប់(ទំនប់ដី ទំនប់បេតុង និងទំនប់បង្ហៀរ)សរុបប្រវែង ២៦៨០ម៉ែត្រ និងទី២)សាងសង់ផ្លូវចូលទីតាំងទំនប់(ផ្លូវថ្មី និងពង្រីកផ្លូវចាស់)សរុបប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ។ គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧៥%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានល្អប្រសើរ និងបានស្នើដល់ក្រុមការងារសាងសង់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសោភ័ណភាព ទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ជាពិសេសបានសំណូមពរដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា សំណង់អាងទឹកដងកាំបិតដែលគ្របដណ្តប់លើស្រុកចំនួន៦ ក្នុងខេត្តកំពង់ធំ ជាសំណង់ស្ទាក់ទឹកទីពីរ ដែលស្ថិតនៅតំបន់ខ្សែទឹកខាងលើនៃដងស្ទឹងសែន បន្ទាប់ពីសំណង់អាងទឹករក្សា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍអាងទឹកដងកាំបិតគឺដើម្បីធានានូវសន្ដិសុខសុវត្ថិភាពទឹក និងធានាការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្ម ប្រមាណ ១៣ម៉ឺនហិកតា និងការប្រើប្រាស់សម្រាប់ពហុវិស័យនៅតំបន់ផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនទិន្នផលស្រូវពី៤តោន ទៅ៥,៤តោនក្នុងមួយហិកតា ដែលជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុជាសកល៕
ចែករំលែកព័តមាននេះ