រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ។
យោងតាមលិខិតរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត ផ្ញើឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំងបានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការតែងតាំងឯកឧត្តម ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង នៅពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។
សម្តេចបវរធិបតីបានបន្តថា ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ឯកឧត្តម និងផ្តល់ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយឈរលើប្រវត្តិ-សាស្ត្រ និងតម្លៃរួម ។
សម្តេចបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦» ។
សម្តេចបវរធិបតីបានបន្ថែមថា «ក្នុងបរិបទនេះ ខ្ញុំពិតជាមានកិត្តិយសក្នុងការរំពឹងថា ឯកឧត្តម នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅ កម្ពុជា។ សូម ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ព្រមទាំងសូមជូនពរ ឯកឧត្តម ឱ្យ ទទួលបានជោគជ័យក្នុងបំពេញភារកិច្ចថ្មីនេះ» ៕
ចែករំលែកព័តមាននេះ