មកដល់ខែសីហាឆ្នាំ២០២៥ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាបានកំពុងតែពង្រីកផលិតកម្មនៅក្នុងស្រុក ដោយនៅពេលនេះរោងចក្រឧស្សាហកម្មនានា នៅក្នុងប្រទេស គឺអាចស្រូប និងប្រើប្រាស់នូវផលនៃជ័រកៅស៊ូចេញពីចំការកៅស៊ូ នៅក្នុងបរិមាណ៧៥.៥០០តោន ពោល គឺមានកំណើនរហូតដល់៨៩ភាគរយឯណោះ ។ កំណើននៃតម្រូវការនៅក្នុងស្រុកនេះបានធ្វើឲ្យការនាំចេញផលិតផលកៅស៊ូ ដែលមិនកែច្នៃថយចុះ ប្រមាណជា ១២ភាគរយ ។

ជាការពិតជ័រកៅស៊ូដែលកម្ពុជា បានកំពុងតែប្រើប្រាស់ គឺកម្ពុជាយកទៅប្រើប្រាស់នៅក្នុងឧស្សាហកម្មសំបកកង់យានយន្តដែលមកដល់ពេលនេះ ផលិតផលសំបកកង់យានយន្តកំពុងតែមានទីផ្សារនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក សូម្បីតែនៅក្នុងតំបន់អាស៊ានតែម្តង។ ក្រៅពីនោះនៅមានឧស្សាហកម្មគ្រឿងសង្ហារឹម និងសម្ភារៈបំពាក់នៅក្នុងបន្ទប់គេងផងដែរ ។
កម្ពុជា អាចមានរោងចក្រកែច្នៃកៅស៊ូធ្វើជាសំបកកង់ប្រមាណជា៧កន្លែង ដែលមានទីតាំងនៅខេត្តក្រចេះ ស្វាយរៀង និងខេត្តព្រះសីហនុ ។ ក្រៅពីនោះ នៅមានរោងចក្រធ្វើគ្រឿងសង្ហារឹម និងផលិតផលប្រើប្រាស់កៅស៊ូមួយចំនួនទៀត ដើម្បីនាំចេញទៅក្រៅប្រទេស ។

ជាមួយនឹងសមិទ្ធផលទាំងនេះនៅក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអះអាងថា កម្ពុជាអាចនាំចេញកៅស៊ូ និងផលិតផលកែច្នៃពីកៅស៊ូនេះ បានប្រមាណជា១,២៥ពាន់លានដុល្លារកើនឡើង៤១,៦ភាគរយ ។
ដោយឡែក គ្រឿងសង្ហារឹម សម្ភារគ្រែ ពូក ទម្រពូក ខ្នើយ ជាដើម បានប្រមាណជា១,០៧ពាន់លានដុល្លារមានកំណើនកើនឡើង២៨,២ភាគរយ ។ ក្រៅពីនោះក៏នៅមាន មុខទំនិញដែលផលិតពីកៅស៊ូជាច្រើនប្រភេទទៀតដែលបាននាំចេញ ។
នៅលើផលនៃការអភិវឌ្ឍដំណាំកៅស៊ូ អ្វីដែលយើងអាចចាត់ទុកថា វា គឺជាជោគជ័យបំផុតសម្រាប់ដំណាំកៅស៊ូកម្ពុជានៅពេលនេះ គឺថាកម្ពុជាបានកំពុងតែស្ថិតនៅលើផ្លូវឈានទៅរំដោះខ្លួនចេញពីប្រទេសដែលនាំចេញតែជ័រកៅស៊ូជាវត្ថុធាតុដើមទៀតហើយ ៕
ចែករំលែកព័តមាននេះ