តើអ្នកធ្លាប់ចាប់អារម្មណ៍ឃើញទឹកនោមមានពពុះច្រើនខុសពីធម្មតាទេ? អាការៈនេះអាចជាសញ្ញាដំបូងនៃជំងឺ ទឹកនោមប្រៃ ដែលបណ្ដាលមកពីការខូចខាតមុខងារតម្រងនោម។ ការយល់ដឹងពីរោគសញ្ញានិងមូលហេតុនៃជំងឺនេះ អាចជួយឱ្យអ្នកទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យបានទាន់ពេលវេលា។
១. អ្វីទៅជាជំងឺទឹកនោមប្រៃ?
ជំងឺទឹកនោមប្រៃ កើតឡើងនៅពេលកោសិកាតម្រង (Glomeruli) ក្នុងតម្រងនោមខូចខាត។ ការខូចខាតនេះបណ្ដាលឱ្យមានការបាត់បង់សារធាតុប្រូតេអ៊ីនសំខាន់ៗ (Albumin) ចេញតាមទឹកនោមយ៉ាងច្រើន។
រោគសញ្ញាសំខាន់ៗមានដូចជា៖
ហើម៖ ជាពិសេសនៅត្របកភ្នែក និងជើងទាំងសងខាង ដោយសារការបាត់បង់ប្រូតេអ៊ីនក្នុងឈាម។
ទឹកនោមមានពពុះច្រើន៖ ដោយសារមានវត្តមានប្រូតេអ៊ីនលើសនៅក្នុងទឹកនោម។
ឡើងទម្ងន់លឿន៖ បណ្ដាលមកពីការហើម។
អស់កម្លាំង ល្ហិតល្ហៃ។
បាត់បង់ចំណង់អាហារ។
២. មូលហេតុនៃជំងឺទឹកនោមប្រៃ
ជំងឺទឹកនោមប្រៃអាចបណ្ដាលមកពីមូលហេតុជាច្រើន ទាំងចំពោះមនុស្សពេញវ័យ និងក្មេង៖
ការខូចខាតកោសិកាតម្រង (Glomeruli)៖ ជាមូលហេតុទូទៅបំផុត។
ជំងឺប្រចាំកាយ៖ ដូចជាជំងឺ លូពីស (Lupus) ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរឆ្នាំ និងជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។
ការប្រើប្រាស់ថ្នាំ៖ ថ្នាំមួយចំនួនដូចជា ថ្នាំបំបាត់ការឈឺចាប់ NSAIDs អាចបំពុលតម្រងនោម។
ជំងឺឆ្លង៖ ដូចជាជំងឺរលាកថ្លើម ឬឆ្លងមេរោគអេដស៍។
ជំងឺមហារីក៖ ដូចជាមហារីកសួត ឬមហារីកឈាម។
ចំណុចសម្គាល់
ការរកមូលហេតុពិតប្រាកដនៃជំងឺទឹកនោមប្រៃ គឺមានសារៈសំខាន់ណាស់សម្រាប់ការការពារ និងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យវិវត្តទៅជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
ចែករំលែកព័តមាននេះ