ខេត្តកោះកុង៖ វឌ្ឍនភាពនៃគម្រោងសាងសង់ និងកែលម្អមជ្ឈមណ្ឌលកុមារកំព្រាកំពុងលេចចេញជារូបរាងបន្តិចម្តងៗហើយ ដើម្បីផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមដល់កុមារ ដែលការណ៍នេះ ធ្វើឡើងក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត និងទឹកចិត្តសប្បុរសធម៌របស់បងប្អូន។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៣ ខែកញ្ញានេះ បានឱ្យដឹងថា យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាសម្រាប់ចាក់ដីបំពេញទីធ្លា។ បច្ចុប្បន្ននេះ យើងកំពុងបន្តកែលម្អសោភណភាព និងសាងសង់កន្លែងលេងកីឡា, សួនបន្លែ និងសួនកុមារជាបន្តបន្ទាប់។
ដោយសារតែកុមារមានចំនួនកើនឡើង និងមួយចំនួនធំពេញវ័យ ជាពិសេសកុមារី ទើបអគារស្នាក់នៅបច្ចុប្បន្នមានភាពចង្អៀត។ ដូច្នេះ រដ្ឋបាលខេត្តកំពុងសាងសង់អគារស្នាក់នៅថ្មីសម្រាប់កុមារី និងបន្ទប់បណ្ណាល័យបន្ថែមទៀត។
ដើម្បីបន្តបំពេញក្តីសង្ឃឹម និងភាពកក់ក្តៅដល់ពួកគាត់ រដ្ឋបាលខេត្តកោះកុងនៅតែបន្តអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យ។ រាល់ការបរិច្ចាគរបស់លោកអ្នក នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់អនាគតដ៏ភ្លឺស្វាងដល់កុមារកំព្រាទាំងអស់៕
ចែករំលែកព័តមាននេះ