រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានប្រកាសនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ ស្ថានីយធ្វើដំណើរនៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប បានរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ «Praying Room» សម្រាប់បម្រើដល់ភ្ញៀវទេសចរមូស្លីម ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការសម្របសម្រួលរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប ខេត្តសៀមរាប បានរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ «Praying Room» ដែលជាសម្បទាតម្រូវការដ៏សំខាន់មួយសម្រាប់សម្រួលដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិដែលជាសាសនិកឥស្លាម ។

ការរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ «Praying Room» នេះបានបង្ហាញពីគោលនយោបាយដ៏ត្រឹមត្រូវ និងប្រាកដនិយម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យកម្ពុជាជាប្រទេសមួយ ដែលមានសុខដុមនីយកម្មសាសនាឆ្ពោះទៅរកការរីកចម្រើន សុខសន្តិភាព រួមចំណែកក្នុងការអភិវឌ្ឍ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងស្របជាមួយនឹងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម របស់ក្រសួងទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរមូស្លីម មកកាន់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ៕







ចែករំលែកព័តមាននេះ