រាជធានីភ្នំពេញ ៖ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញពីសារស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)ពីប្រទេសជាសម្ព័ន្ធមិត្ត ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេសពីបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរទស្សនៈជាមួយឯកឧត្តម ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេសស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលជួបសម្តែងការគួរសមតាមប្រព័ន្ធវីដេអូ ។ រដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខក្នុងតំបន់ ។
ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីវៀតណាម អំពីការវិវត្តជាវិជ្ជមានថ្មីៗទាក់ទិននឹងការកាត់បន្ថយភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះការគាំទ្ររបស់វៀតណាម ដល់កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ និងការរួមចំណែករបស់វៀតណាម ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល ផងដែរ ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេស ក៏បានបង្ហាញពីសារស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) មាន ៖ អូស្ត្រាលី- សារអបអរសាទររបស់ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារថា «ប្រទេសអូស្ត្រាលីសូមស្វាគមន៍ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ រួមទាំងកិច្ចខិតខំប្រឹងប្រែងដែលនឹងជួយស្តារទំនុកចិត្តកសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន ។
« អង់គ្លេស»ស្ថានទូតអង់គ្លេសស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាន ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា រវាងកម្ពុជា និងថៃ រួមទាំងការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធី ការដោះមីនមនុស្សធម៌ និងការ ខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមឆ្លងព្រំដែន ។
យើងលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តអនុវត្តផែនការ ដែលបានព្រមព្រៀងគ្នា ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ ។
«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្វាគមន៍ និងមានក្តីសោមនស្ស ចំពោះសារគាំទ្រពីបណ្តាប្រទេសជាមិត្ត និងដៃគូទាំងអស់ដល់លទ្ធផលកិច្ចប្រជុំពិសេសលើកទីមួយ គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា និងថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមកដែលជាមូលដ្ឋាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងដំណើរការស្តារសន្តិភាព សំដៅនាំមកនូវប្រក្រតីភាពតាមព្រំដែនកម្ពុជា-ថៃឡើងវិញ ។
ទន្ទឹមនឹងនោះ ការបង្ហាញនូវជំហរវិជ្ជមានទាំងនេះបានបង្ហាញនូវឆន្ទៈរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុខដុមរមនាជារួម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានធ្វើការសម្របសម្រួលជូនក្រុម អ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធានបេសកកម្ម IOT (HOM) ប្រចាំនៅទីស្នាក់ការ១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីចុះសង្កេតការណ៍អំពីស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការ២ ខេត្តបន្ទាយ មានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានការណ៍ក្រោយបទឈប់បាញ់ ។
ថ្ងៃទី១៤កញ្ញា ជាថ្ងៃទី៤៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ៕
ចែករំលែកព័តមាននេះ