ខេត្តព្រៃវែង៖ ផ្នែកខ្លះនៃខេត្តព្រៃវែង រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះ ស្រូវវស្សាប្រមាណជាង ៣០០ហិតាក៏បានរងផលប៉ះពាល់ដែរ ខណៈអាជ្ញាធរខេត្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចុះត្រួតពិនិត្យស្ថានភាពស្រូវវស្សារបស់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅភូមិថ្នល់កែង ភូមិធ្នង់ខាងកើត និងភូមិធ្នង់ខាងលិច ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
បន្ទាប់ពីការចុះពិនិត្យស្ថានភាពស្រូវវស្សាដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងប្រមាណជាង ៣០០ហិតា ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានីយធារាសាស្ត្រ ស្ទឹងជោរ៍ និងតាដុក ដើម្បីឈ្វេងយល់ពីស្ថានភាពទឹកជាក់ស្ដែង និងបានណែនាំដល់លោកអភិបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តតាមដានដោយការយកចិត្តទុកដាក់ខ្ពស់ និងក្តាប់ស្ថានការណ៍ទឹកក្នុងភូមិសាស្ត្រស្រុក ឲ្យបានច្បាស់លាស់ ដើម្បីមានវិធានការសមស្របលើបញ្ហាប្រឈមនេះ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ