ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារកំព្រាជាង១០០នាក់ ទទួលបានអាហារ​ និងគ្រឿងឧបភោគបរិភោគ​ ពីអាជ្ញាធរខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

13 ម៉ោង មុន

ខេត្តបាត់ដំបង៖ មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា ក្នុងមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ទទួលបានអាហារពេលល្ងាច និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ…

ខេត្តបាត់ដំបង៖ មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា ក្នុងមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ទទួលបានអាហារពេលល្ងាច និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន​ពីអាជ្ញាធរខេត្តបាត់ដំបង។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ​នៅរសៀល​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងនោះមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ មានមន្ត្រីចំនួន៣១នាក់ និងមានកុមារស្នាក់នៅចំនួន ៩០នាក់ និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី២ មានមន្ត្រីចំនួន ៩នាក់ និងមានកុមារស្នាក់នៅចំនួន ១៨នាក់។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាន មានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗកុមារ កំព្រាទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរៀងៗខ្លួន និងស្តាប់ឱវាទរបស់លោកគ្រូ អ្នកគ្រូឱ្យបានល្អ ព្រមទាំងសំណូមពរដល់លោកគ្រូ អ្នកគ្រូខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនលើក្មួយៗកុមារកំព្រាទាំងអស់ឱ្យបានល្អប្រសើរហើយបង្រៀនដល់ក្មេងៗឱ្យចេះថែរក្សាអនាម័យ ថែរក្សាសុខភាព និងចំណេះជំនាញល្អៗផ្សេងទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បានរៀបចំអាហារពេលល្ងាច និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា ក្នុងមណ្ឌលកុមារកំព្រាបុរីទី១ និងបុរីទី២ ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ