ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយអន្តរជាតិទ្រទ្រង់ការឆ្លើយតបនឹងមេរោគអេដស៍ថយចុះ ខណៈយុវជនប្រឈមមុខនឹងការឆ្លងកាមរោគ និងមេរោគអេដស៍កើនឡើង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF) បាន​បង្ហាញ​សេវា​ពិនិត្យ​កាមរោគ ព្យាបាល និង​មេរោគ​អេ​ដស៍ ដោយ​ឥត​គិតថ្លៃ ព្រមទាំង​រក្សា​ការ​សម្ងាត់​បំផុត ខណៈ​យុវជន​ប្រឈម​មុខ​នឹង​ការ​ឆ្លង​កាមរោគ…

រាជធានី​ភ្នំពេញ ៖ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF) បាន​បង្ហាញ​សេវា​ពិនិត្យ​កាមរោគ ព្យាបាល និង​មេរោគ​អេ​ដស៍ ដោយ​ឥត​គិតថ្លៃ ព្រមទាំង​រក្សា​ការ​សម្ងាត់​បំផុត ខណៈ​យុវជន​ប្រឈម​មុខ​នឹង​ការ​ឆ្លង​កាមរោគ និង​មេរោគ​អេ​ដស៍​កើនឡើង ។

លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ការ​ចូលរួម​ឆ្លើយ​តប​ទៅ​នឹង​មេរោគ និង​កាមរោគ នៅ​មណ្ឌល​ថែរក្សា​សុខភាព​ទួល​គោក នា​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥ វេជ្ជបណ្ឌិត ច​ន ផា​ន់​ណា អ្នកគ្រប់គ្រង​កម្មវិធី​ប្រចាំ​ប្រទេស​របស់ AHF Cambodia បាន​បញ្ជាក់​ថា ៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​អ្នក​សារព័ត៌មាន នូវ​ឱកាស​មួយ​ដើម្បី​ទស្សនា​គ្លីនិក​ពិនិត្យ និង​ព្យាបាល​កាមរោគ​របស់​យើង​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​អតិថិជន និង​បានឃើញ​ដោយ​ផ្ទាល់​នូវ​សេវាកម្ម​ដែល​មាន​ឥទ្ធិពល​ដែល​យើង​ផ្តល់​ជូន​» ។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ថា «​ជាមួយនឹង​ការ​ថយ​ចុះ​នៃ​ជំនួយ​អន្តរជាតិ ការ​ទ្រទ្រង់​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេ​ដស៍​របស់​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០៣០ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់ ។ ឥឡូវនេះ គឺជា​ពេលវេលា ដើម្បី​ជំរុញ​ការ​ផ្តល់​មូលនិធិ​ក្នុងស្រុក ដើម្បី​បំពេញ​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ។

AHF Cambodia កំពុង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដោយ​ធានា​បាន​នូវ​ការ​ទទួល​បានការ​ព្យាបាល​១០០% សម្រាប់​អតិថិជន​ដែល​ទើប​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ផ្ទុកមេរោគ​អេ​ដស៍ និង​ការ​ពង្រីក​សេវាកម្ម​របស់​យើង រួម​ទាំង​មណ្ឌល​ពិនិត្យ និង​ព្យាបាល​ជំងឺ​កាមរោគ យើង​ផង​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត ម៉ា សួន​សុ​ភ័ក្ត្រ ប្រធាន​មណ្ឌល​គ្រប់គ្រង​មណ្ឌល​ថែទាំ​សុខភាព គ្លីនិក​ថែទាំ និង​ព្យាបាល​ជំងឺ​កាមរោគ Wellness Center នៃ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា បាន​ថ្លែង​ថា សម្រាប់​គ្លីនិក​នេះ មាន​ផ្តល់​សេវាកម្ម​ដូច​ជា ៖ ថែទាំ និង​ព្យាបាល​ជំងឺ​កាមរោគ​, សេវា​ប្រឹក្សា និង​តេស្ត​ឈាម​រក​មេរោគ​អេស​ដ៍ , ផ្តល់​ថ្នាំ​បង្ការ​ជា​មុន​ពេល​ប្រព្រឹត្ត​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេស​ដ៍​, ផ្តល់​ថ្នាំ​បង្ការ​ក្រោយ​ប្រព្រឹត្ត​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេស​ដ៍​, និង​មាន​ផ្តល់​ស្រោមអនាម័យ​បង្ការ​មេរោគ​អេស​ដ៍ ។

លោក​វេជ្ជបណ្ឌិត ច​ន ផា​ន់​ណា បានឱ្យ​ដឹង​ទៀត​ថា យោង​តាម​កម្មវិធី​ជាតិ​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​បានឱ្យ​ដឹង​ថា បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​បាន​ធ្វើការ​វិភាគ​ពោល គឺ​ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​ជំងឺអេដស៍​នៅ​កម្ពុជា មានការ​កើន​ចំនួន​ឡើង ពិសេស​ក្នុង​ស្រទាប់​យុវជន​ក្នុង​អំឡុង អាយុ​២០​ដល់​២៥​ឆ្នាំ ។

ក្រុម​យុវជន​ក្នុង​វ័យ​នេះ មានការ​កើតឡើង​នៃ​ការ​ឆ្លង​ជំងឺអេដស៍​មានការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ ។ ហេតុនេះ​បើ​យើង​មាន​វិធានការ​ទប់ស្កាត់ ពិសេស​មា​ការ​ផ្សព្វផ្សាយ​បង្កើន​ការ​បង្ក​ឱ្យ​យុវជន​យើង​បាន​ទទួល​ចំណេះដឹង កាន់តែ​ច្រើន​ដើម្បី​កុំឱ្យ​យុវជន​ភ្លេចខ្លួន ។ អ្នកខ្លះ​យល់​ថា អស់​អេ​ដស៍​តាម​ពិត​វា​កំពុង​តែ​រីក​រាលដាល​គួរ​ឱ្យ​ព្រួយបារម្ភ​ទៅ​វិញ​ទេ ។

ក្នុង​ចំណោម​នេះ យុវជន​វ័យក្មេង​កំពុង​ប្រឈម ក្នុង​កំឡុង​អាយុ​១៩​ដល់​នឹង​ដល់​២៥​យ៉ាងច្រើន​ដែរ ជា​បញ្ហា​គួរ​ឱ្យ​បារម្ភ ជា​តួលេខ​គួរ​ឱ្យ​កត់សម្គាល់​ខ្ពស់​ខ្លាំង ។

វេជ្ជបណ្ឌិត​បាន​ថ្លែង​ដែរ​ថា មាន​យុវជន​មួយ​ចំនួន មិន​បានដឹង​ថា ជំងឺអេដស៍​រីក​រាលដាល​នៅឡើយ​ទេ ដោយ​ខ្លះ​បាន​ចោទសួរ​ថា​«​តើ​បច្ចុប្បន្ន​នៅ​មាន​ជំងឺអេដស៍ ឬ​យ៉ាងណា ដែល​តាម​ពិត​ជំងឺ​នេះ​កំពុង​រីក​រាលដាល និង​មាន​កំណើន​មួយ​គួរ​ឱ្យ​ភ័យ​ខ្លាច​ដែល​យុវជន​មិន​អាច​ភ្លេចខ្លួន​បាន​ឡើយ ។

លោក​វេជ្ជបណ្ឌិត ម៉ា​សួន សុ​ភក្តិ ប្រធាន​គ្រង​គ្រង​មណ្ឌល​រក្សា​សុខភាព​ជំងឺអេដស៍​បាន​គូសបញ្ជាក់​ថា យុវជន​ដែល​រៀប​អាពាហ៍ពិពាហ៍​ចាំបាច់ ត្រូវ​តែ​ពិនិត្យ​ឈាម​រក​មេរោគ​ជំងឺអេដស៍ មិន​អាច​មើល​រំលង​បាន​ឡើយ ។

យុវជន ដែល​ដល់​ពេល​រៀប​អាពាហ៍ពិពាហ៍ មិន​អាច​ភ្លេចខ្លួន​ចំណុច​នេះ​ដាច់ខាត ។ ហើយ​កន្លែង​ពិនិត្យ​ដែល​សុវត្ថិភាព គឺ​មន្ទីរ​ថ្នាក់​ជាតិ យើង​មាន​គ្រប់កន្លែង​ធ្វើតេស្ត ឬ​ក៏​អាច​មក​ដល​ល់​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អេ​ដស៍ (AHF) កម្ពុជា​ក៏​បាន​ដូច​គ្នា ។

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ គឺជា​អង្គការ​ពិភពលោក​ដ៏​ធំ​បំផុត​ដែល​បាន និង​កំពុង​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ដោយ​មិន​គិត​ពី​លទ្ធភាព​នៃ​ការ​បង់ប្រាក់​ដល់​អតិថិជន​ជាង​២.៥​លាន​នាក់​ក្នុង​៥០​ប្រទេស​ជុំវិញ​ពិភពលោក ដូច​ជា នៅ​សហរដ្ឋអាមេរិក អាហ្វ្រិក អា​មេ​រិ​កឡា​ទី​ន កា​រា​បៀ​ន តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក និង​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ