ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​និង​ឃុំខ្លួន​បុរស​ម្នាក់​ជាប់ចោទ​ពី​បទ​.​សមគំនិត​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ទឹកប្រាក់​ជិត​៣​លាន​ដុល្លារ​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កង​រាជ​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ កញ្ញា ឆ្នាំ​២០២៥ បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​និង​ឃុំ ខ្លួន​ពាណិជ្ជករ​ម្នាក់ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កង​រាជ​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ កញ្ញា ឆ្នាំ​២០២៥ បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​និង​ឃុំ ខ្លួន​ពាណិជ្ជករ​ម្នាក់ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​.​សមគំនិត​ក្នុង​អំពើ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ដែល​មាន​ទំ​ហ៊ុំ​ទឹកប្រាក់​ប្រមាណ​ជិត​៣ លាន​ដុល្លារ​អា​មេ​រិ​ក​។

ជនជាប់ចោទ​ឈ្មោះ ហុង ឡុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខ​របរ​លក់ដូរ ស្នាក់​នៅ​ឃ្លាំង​ទិញ​លក់​រថយន្ត​១៧៨ ស្ថិត​នៅ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​និង​ឃុំខ្លួន​របស់​សភា​ព្រហ្មទណ្ឌ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ចេញពី​ថ្ងៃ​ទី​០៥ ខែ​សី​ហា ឆ្នាំ​២០២៥ បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៍​ចាប់ខ្លួន​និង​ឃុំខ្លួន​ទៅ​លើ​ឈ្មោះ ហុង ឡុ​ង ក្នុង​ចំណោម​បក្សជា​ច្រើន​នាក់ ​ដែល​កំពុង​គេចខ្លួន​ជាប់​ពាក់​ពន្ធ​ពី​បទ​.​ឆបោក និង​សមគំនិត​ក្នុង​អំពើ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៨០ ចំណុច​៥ នៃ​ក្រមព្រហ្មទណ្ឌ​។

​​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៥ របស់​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​សម្រេច​បង្គាប់​ឲ្យ​ចាប់ខ្លួន ​និង​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ ហុង ឡុ​ង នាំ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)​នៃ​ក្រសួងមហាផ្ទៃ​។

តាម​អង្គហេតុ​នៃ​ចាប់ខ្លួន​ជនជាប់ចោទ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ដើម​ខែមករា ឆ្នាំ​២០២១ ឈ្មោះ ហុង ឡុ​ង និង​បក្សពួក​ជា​ច្រើន​នាក់ មាន​ម្នាក់​កំពុង​ជាប់​នៅ​ក្នុង​ឃុំ​ហើយ បាន​ដើរតួ​​ធ្វើ​កិច្ចសន្យា​ជា​អ្នកទិញ​-​លក់​ដីធ្លី ពី​ជន​រង​គ្រោះ​ក្នុង​តម្លៃ​ជិត​៣លាន​ដុល្លារ​អា​មេ
​រិ​ក ហើយដោយ​សារ​ជន​រង​គ្រោះជា​មនុស្ស​ចាស់​ និង​មានការ​ជឿ​ទុកចិត្ត​លើ​ក្រុម​នោះ ក៏​បាន​ផ្តិត​មេ​ដៃ​ផ្ទេរ​កម្ម​សិទ្ធិដីធ្លី​ឲ្យ​ទៅ​ពួក​គេ ដែល​ជា​ក្រុម​មានការ​ចាត់តាំង ហើយ​ក្រុម​នោះ​មិន​បាន​ប្រគល់​លុយ​ឲ្យ​ទៅ​ដើមបណ្តឹង​វិញ​ទេ បែ​រជា​យក​ប្លង់​កម្ម​សិ​ទ្ធី​ដីធ្លី​របស់​ជន​រង​គ្រោះ​ហ្នឹង ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​មួយ ដែល​មាន​ទឹកប្រាក់​ជិត​៣​លាន​ដុល្លារ​អា​មេ​រិក ​។

បន្ទាប់​មក ​ដោយ​មានការ​ចាំ​យូ​រពេក ជន​រង​គ្រោះ​ក៏​បាន​ស៊ើបសួរ​ទៅ​ទើប​ដឹង​ថា ក្រុម​នេះ​ជា​ក្រុម​ជន​ឆបោក ដូច្នេះ​ បានជា​ជន​រង​គ្រោះ សម្រេចចិត្ត​ប្តឹង​ទៅ​តុលាការ​ឲ្យ​ជួយ​ចាត់ការ​ក្នុង​សំណុំរឿង​នេះ​ទៅ​តាម​ផ្លូវច្បាប់​។

នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៤ សំណុំរឿង​ព្រហ្មទណ្ឌ​ទាំងមូល​នេះ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ តែ​ក្នុង​នោះ​មាន​ជន​ត្រូវ​ចោទ​ខ្លះ ត្រូវ​បាន​លើកទោស និង​ខ្លះ​ត្រូវ​ផ្តន្ទាទោស ដូច្នោះ ​ទើបបាន​ជាដើម​បណ្តឹង​មិន​សុខចិត្ត ក៏​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ទៅ​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ដើម្បី​ឲ្យ​អគ្គ​ព្រះរាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍​ប្តឹង​លើ​សាលក្រម​សម្រេច​ក្តី​នោះ​។

លុះ​នៅ​ខែសីហា ឆ្នាំ​២០២៥ សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍ បើក​សវនាការ​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ពី​បទ​.​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ឈ្មោះ ហុង ឡុ​ង នេះ ​ជាប់ចោទ​ពី​បទ​.​សមគំនិត​ក្នុង​អំពើ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ
យក​ទៅ​ដាក់​ពន្ធនាគារ​តាម​ច្បាប់​កំណត់​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ