ខេត្តពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រារព្ធពិធីបុណ្យទន្លេ ឆ្នាំ២០២៦ ខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថាឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងដឹកនាំរៀបចំតុបតែងលម្អសោភណភាពដើមឈើ នៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រារព្ធពិធីបុណ្យទន្លេ ក្នុងឆ្នាំ២០២៦ខាងមុខ។
នាឱកាសនោះដែរ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ក៏បានសម្រេចផ្លាស់ប្ដូរដើមផ្កាតូច ធំ ដោយជំនួសមកវិញជាដើមផ្កាសាគូរ៉ា ដើម្បីកែប្រែសោភណភាព គោលដៅទេសចរណ៍បែបវប្បធម៌ ក្នុងក្រុងពោធិ៍សាត់ មួយនេះឱ្យកាន់តែមានសម្រស់ស្រស់ស្អាតបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ។
សូមបញ្ជាក់ថា បុរីវប្បធម៌កោះសំពៅមាស នៅកណ្ដាលស្ទឹងក្នុងទីប្រជាជនក្រុងពោធិ៍សាត់ ជាគោលដៅទេសចរណ៍បែបវប្បធម៌មួយក្នុងចំណោមកន្លែងកម្សាន្តជិត ៣០ ក្នុងខេត្តពោធិ៍សាត់ ដែលទាក់ទាញភ្ញៀវទាំងក្នុង និងក្រៅខេត្តឱ្យ មកកម្សាន្តចំនួនច្រើនផងដែរ។
គួររំឭកជូនថាពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ បានប្រារព្ធធ្វើឡើងនៅខេត្តតាកែវក្នុងគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍៕
ចែករំលែកព័តមាននេះ