ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ជន​សង្ស័យ​បា.ញ់​ស.ម្លា.ប់​សកម្ម​ជន​នយោ​បាយ​ដែល​គាំទ្រ​លោក​ត្រាំ

12 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ នៅ​ទី​បំផុត​ សមត្ថ​កិច្ច​អាមេរិក​ចាប់​បាន​ហើយ​ជន​សង្ស័យ​នៅ​ក្នុង​អំពើ​បាញ់​ប្រហារ​សកម្ម​ជន​នយោបាយ​អភិរក្ស​និយម​ និង​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ត្រាំ​គឺ​លោក​ឆាលី ខឺក (Charlie Kirk)។ ជន​សង្ស័យ​រូប​នោះ​ជា​បុរស​វ័យ​ក្មេង​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​អភិបាល​រដ្ឋ​យូតា​ (Utah)…

ទី​ក្រុង​ញូយ៉ក៖ នៅ​ទី​បំផុត​ សមត្ថ​កិច្ច​អាមេរិក​ចាប់​បាន​ហើយ​ជន​សង្ស័យ​នៅ​ក្នុង​អំពើ​បាញ់​ប្រហារ​សកម្ម​ជន​នយោបាយ​អភិរក្ស​និយម​ និង​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ត្រាំ​គឺ​លោក​ឆាលី ខឺក (Charlie Kirk)។ ជន​សង្ស័យ​រូប​នោះ​ជា​បុរស​វ័យ​ក្មេង​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​អភិបាល​រដ្ឋ​យូតា​ (Utah) ដែល​ជា​កន្លែង​កើត​មាន​អំពើ​​បាញ់​ប្រហារ​​។ ជន​សង្ស័យ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ថៃល័រ រ៉ូប៊ីន​សុន (Tyler Robinson) ទំនង​ជា​បាន​ឆ្លើយ​សារ​ភាព​រឿង​នេះ​ប្រាប់​សច់​ញាតិ​របស់​មិត្ត​ភក្ដិ​គាត់​ម្នាក់​ ឬ​និយាយ​ប្រាប់​មិត្ត​ភក្ដិ​នោះ​ផ្ទាល់​តែ​ម្ដង​។ មិន​រង់​ចាំ​យូរ​ទេ​ អ្នក​ដែល​ទទួល​បាន​ដំណឹង​នេះ​ក៏​ទាក់​ទង​ទៅ​នគរ​បាល​​ភ្លាម​តែ​ម្ដង​។

ក្រុម​គ្រួសារ​របស់​មិត្ត​ភក្ដិ​ជន​សង្ស័យ​​​​និយាយ​ប្រាប់​សមត្ថ​កិច្ច​ខាង​ស៊ើប​អង្កេត​ថា​​ទើប​តែ​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ​ដែល​រ៉ូប៊ីន​សុន​ហាក់​ដូច​ជា​វក់​នឹង​រឿង​នយោបាយ​ខ្លាំង​មែន​ទែន​ ហើយ​​គាត់​ឧស្សាហ៍​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​សកម្ម​ភាព​​របស់​លោក​ឆាលី ខឺក​។ នេះ​បើ​តាម​អ្វី​ដែល​អភិបាល​រដ្ឋ​យូតា​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​

ឃាត​ករ​សម្លាប់​លោក​ឆាលី ខឺក​បាន​រត់​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថ​កិច្ច​ថ្នាក់​មូល​ដ្ឋាន​ និង​ទី​ភ្នាក់​ងារ​សហ​ព័ន្ធ​អស់​ប្រហែល​៣៣​ម៉ោង​ក្រោយ​ការ​បាញ់​ប្រហារ​នៅ​សាកល​វិទ្យាល័យ​មួយ​​នៅ​រដ្ឋ​យូតា​។ នៅ​ក្នុង​អំពើ​​ឃាត​កម្ម​​នោះ ជន​ដៃ​ដល់​ប្រើ​កាំ​ភ្លើង​បាញ់​ស៊ីប​ពី​ចម្ងាយ​ ឬ​ស្នាយ​ផឺ (sniper) បាញ់​តែ​មួយ​គ្រាប់​គត់​ត្រូវ​ចំ​បំពង់​ក​របស់​លោក​ឆាលី ខឺក​។​

កាល​ពី​មុន​នេះ​ ក្រុម​អ្នក​ស៊ើប​អង្កេត​ថ្លែង​ថា​ពួក​គេ​ប្រទះ​ឃើញ​កាំ​ភ្លើង​វែង​មួយ​ដើម​ដែល​ទំនង​ជា​​ជន​ដៃ​ដល់​ប្រើ​ប្រាស់​សម្រាប់​បាញ់​ប្រហារ​លោក​ឆាលី​ ខឺក​។ ក្រុម​អ្នក​ស៊ើប​អង្កេត​ក៏​បាន​ផ្សព្វ​ផ្សាយ​រូប​ថត​បុរស​ដែល​ជា​ជន​សង្ស័យ​ផង​ដែរ​។ លោក​ឆាលី ខឺក​ជា​អ្នក​និពន្ធ​សៀវភៅ, ជា​អ្នក​​សម្រប​សម្រួល​កម្ម​វិធី​ផត​ខាស់ (podcast) និង​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ត្រាំ​ដែល​ជួយ​ប្រូម៉ូត និង​ឃោសនា​រក​សំឡេង​គាំទ្រ​ពី​សំណាក់​ក្រុម​យុវ​ជន​​វ័យ​ក្មេង​នៅ​អាមេរិក​​​។ នេះ​បើយោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ