ទីក្រុងរ៉ង់ហ្គូន៖ ប្រទេសមីយ៉ាន់ម៉ាប្រកាសបន្ធូរបន្ថយទោសដល់លោកស្រីអង់សានស៊ូជី។ នេះជាផ្នែក១នៃការបន្ធូរបន្ថយ និងលើកលែងទោសដែលផ្ដល់ដោយប្រធានាធិបតីនៃប្រទេសនេះគឺលោកមីនអុងឡាំងដែលលោកទើបតែទទួលការតែងតាំងកាលពីពេលថ្មីៗ។ នេះបើយោងតាមមេធាវីរបស់លោកស្រីស៊ូជី។ លោកស្រីស៊ូជីសព្វថ្ងៃនេះមានវ័យ៨០ឆ្នាំ និងកំពុងអនុវត្តទោសរយៈពេល២៧ឆ្នាំពីបទញុះញង់, ប្រព្រឹត្តអំពើពុករលួយ, បន្លំសន្លឹកឆ្នោត និងប្រព្រឹត្តល្មើសនឹងច្បាប់រដ្ឋ។ល។

ចំនួនទោសនេះត្រូវបានកាត់បន្ថយ១/៦។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើលោកស្រីស៊ូជីនឹងទទួលបានការអនុញ្ញាតឱ្យអនុវត្តទោសនៅក្នុងផ្ទះរបស់លោកស្រីដែរឬទេ។ នេះបើយោងតាមមេធាវីរបស់លោកស្រី។ លោកស្រីស៊ូជីបានបាត់មុខពីសាធារណជនជារៀងរហូតចាប់តាំងពីក្រោយការកាត់ទោសលោកស្រី។ សូម្បីតែលោកស្រីកំពុងស្ថិតនៅទីណាក៏គ្មាននរណាដឹងច្បាស់ដែរ។

កាលពីមុននេះ សារព័ត៌មានរបស់រដ្ឋផ្សាយថាប្រធានាធិបតីមីយ៉ាន់ម៉ា លោកមីនអុងឡាំង បានអនុម័តបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត៤៣៣៥នាក់។ នេះជាការលើកលែងទោសលើកទី៣នៅក្នុងរយៈពេល៦ខែចុងក្រោយ។ ជាទូទៅ ឱ្យតែដល់ថ្ងៃឯករាជ្យជាតិខែមករា និងបុណ្យចូលឆ្នាំថ្មីនាខែមេសាតែងតែមានការលើកលែងទោស ឬបន្ធូរបន្ថយទោសដល់ទណ្ឌិត។ នៅក្នុងចំណោមទណ្ឌិតដែលទទួលការលើកលែងទោសថ្ងៃនេះក៏មានលោកវីនម្យីន (Win Myint) ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០១៨ទៅទល់នឹងថ្ងៃរដ្ឋប្រហារឆ្នាំ២០២១ផងដែរ។
លោកវីនម្យីន ជាអតីតប្រធានាធិបតីមីយ៉ាន់ម៉ាកាលពីជំនាន់លោកស្រីស៊ូជីនៅកាន់អំណាចទូរទស្សន៍អឹមអ័រធីវី (MRTV) ផ្សាយថាលោកវីនម្យីនដែលជាសម្ព័ន្ធមិត្តរបស់លោកស្រីស៊ូជីត្រូវបានផ្ដល់ការលើកលែងទោសទាំងស្រុង មានន័យថាមានសេរីភាពពេញលេញឡើងវិញ។ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាសូមមិនធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេនៅពេលអ្នកសារព័ត៌មានព្យាយាមសាកសួរ។ សូមរំលឹកថារដ្ឋប្រហារផ្ដួលរំលំលោកវីនម្យីនក្នុងនាមជាប្រធានាធិបតី និងលោកស្រីស៊ូជីក្នុងនាមជាទីប្រឹក្សារដ្ឋកាលពីឆ្នាំ២០២១នោះមេខ្លោងធំជាអ្នកបញ្ជាគឺលោកមីនអុងឡាំង។ កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅនេះ លោកត្រូវបានរដ្ឋសភាបោះឆ្នោតតែងតាំងជាប្រធានាធិបតីនៅអាណត្តិថ្មី៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ