ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងបើកកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun នៅសេតវិមានក្នុងអំឡុងពេលមួយឬពីរអាសប្តាហ៍ខាងមុខ ដែលនេះនឹងក្លាយជាការចរចាត្រីភាគីលើកដំបូងបំផុតមិនធ្លាប់មានក្នុងរយៈពេល ៤៤ ឆ្នាំ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង រួមទាំងការដោះស្រាយបញ្ហាក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១៧ ខែមេសានេះ។
លោក ត្រាំ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលលីបង់នឹងចាត់វិធានការច្បាស់លាស់ដើម្បីគ្រប់គ្រងក្រុម Hezbollah ខណៈដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើការឈប់បាញ់រយៈពេល ១០ ថ្ងៃ ដែលបានចាប់ផ្តើមអនុវត្តតាំងពីល្ងាចថ្ងៃព្រហស្បតិ៍មកម្ល៉េះ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក អ៊ីស្រាអែលបានយល់ព្រមផ្អាករាល់ប្រតិបត្តិការវាយលុកតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ទៅលើគោលដៅនានាក្នុងទឹកដីលីបង់ ប៉ុន្តែនៅតែរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ដើម្បីការពារខ្លួនក្នុងករណីមានការវាយប្រហារណាមួយកើតឡើង។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលលីបង់ត្រូវទទួលបន្ទុកក្នុងការទប់ស្កាត់រាល់សកម្មភាពអរិភាពពីសំណាក់ក្រុម Hezbollah និងក្រុមប្រដាប់អាវុធដទៃទៀត ដើម្បីបង្ហាញពីសមត្ថភាពក្នុងការគ្រប់គ្រងអធិបតេយ្យភាពជាតិរបស់ខ្លួន ប្រសិនបើចង់ឱ្យមានការពន្យារពេលឈប់បាញ់បន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ លោក Netanyahu បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា កងទ័ពអ៊ីស្រាអែលនឹងមិនដកថយចេញពីទីតាំងយុទ្ធសាស្ត្រនានាក្នុងប្រទេសលីបង់ឡើយ ក្នុងអំឡុងពេលនៃការឈប់បាញ់បណ្តោះអាសន្ននេះ៕
ចែករំលែកព័តមាននេះ