ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទូទឹកកកគឺជាឧបករណ៍អគ្គិសនីតែមួយគត់ដែលដំណើរការ ២៤ ម៉ោង ដូច្នេះការប្រើប្រាស់មិនត្រឹមត្រូវនឹងធ្វើឱ្យវិក្កយបត្រភ្លើងហក់ឡើងខ្ពស់ភ្លាមៗ។
ដើម្បីសន្សំសំចៃថាមពល អ្នកមិនគួរដាក់របស់ក្នុងទូទឹកកកណែនពេកទេ ព្រោះវាធ្វើឱ្យស្ទះផ្លូវខ្យល់ត្រជាក់ ប៉ុន្តែក៏មិនគួរទុកឱ្យទូទំនេរខ្លាំងពេកដែរ ព្រោះអាហារដែលត្រជាក់ស្រាប់នឹងជួយរក្សាសីតុណ្ហភាពឱ្យនៅថេរនៅពេលអ្នកបើកទ្វារទូ។ ចំណុចសំខាន់មួយទៀតគឺទីតាំងដាក់ទូទឹកកក ដោយអ្នកគួរទុកចន្លោះពីជញ្ជាំងយ៉ាងតិច ១០ ទៅ ១៥ សង់ទីម៉ែត្រ ដើម្បីឱ្យម៉ាស៊ីនងាយស្រួលបញ្ចេញកម្ដៅ និងជៀសវាងការដាក់ក្បែរចង្រ្កានបាយ ឬកន្លែងដែលមានពន្លឺថ្ងៃជួបផ្ទាល់។
ក្រៅពីនេះ ការកែប្រែទម្លាប់ប្រចាំថ្ងៃក៏ជួយបានច្រើនដែរ ដូចជាការមិនដាក់អាហារដែលនៅក្ដៅចូលក្នុងទូទឹកកកភ្លាមៗ ការកំណត់សីតុណ្ហភាពឱ្យនៅកម្រិតសមល្មម (ចន្លោះ ២ ទៅ ៥ អង្សាសេសម្រាប់ថតធម្មតា) និងការគិតឱ្យច្បាស់មុននឹងបើកទ្វារទូដើម្បីកុំឱ្យខ្យល់ត្រជាក់ភាយចេញមកក្រៅច្រើនពេក។ អ្នកក៏គួរឧស្សាហ៍ពិនិត្យមើលរ៉ាប់យឺតនៅមាត់ទ្វារទូកុំឱ្យហើប ឧស្សាហ៍លាងសម្អាតបន្ទះបញ្ចេញកម្ដៅនៅខាងក្រោយទូទឹកកក និងមិនត្រូវទុកឱ្យទឹកកកដក់ក្រាស់ពេកឡើយ ព្រោះវាធ្វើឱ្យម៉ាស៊ីនដើរធ្ងន់ និងស៊ីភ្លើងខ្លាំង។
ការអនុវត្តតិចនិកសាមញ្ញៗទាំងនេះ នឹងជួយឱ្យទូទឹកកករបស់អ្នកដំណើរការបានល្អ ប្រើប្រាស់បានយូរ និងជួយសន្សំថវិកាក្នុងហោប៉ៅរបស់អ្នកបានយ៉ាងច្រើន៕
ចែករំលែកព័តមាននេះ