ខេត្តស្វាយរៀង ៖ ក្រុមក្មេងទំនើង១ក្រុម ចេញធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ អ្នកធ្វើដំណើរតាមដងផ្លូវ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១ តែព្រះមិនជួយ ត្រូវសមត្ថកិច្ចតាមប្រម៉ាញ់ចាប់ខ្លួនបាន០៤នាក់ បញ្ជូនមកតុលាការ ចាត់ការតាមច្បាប់ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ថាមានក្មេងទំនើង០១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ០១គ្រឿង (លួចមានស្ថានទម្ងន់ទោស) រួចនាំគ្នាជិះគេចខ្លួនបាត់ ។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់(ប្រុស) ព្រមទាំងដកហូតវត្ថុតាង ៖ ម៉ូតូ០៣គ្រឿង (ម៉ូតូធ្វើសកម្មភាព ០២គ្រឿងម៉ូតូជនរងគ្រោះ០១គ្រឿង) និងកាំបិត ០៣ដើម ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ។ ហើយចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ មេសា២០២៦នេះរួចហើយ ៕






ចែករំលែកព័តមាននេះ