រាជធានីភ្នំពេញ ៖ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនីមួយបានកើតឡើង បណ្ដាលឲ្យឆាបឆេះបន្ទប់ស្តុកប្រេងសាំងក្រអូប និងប្រេងម៉ាស៊ូតក្នុងរោងចក្រ ចាក់ និងកាត់ដេរសម្លៀកបំពាក់ «យីតិច អ៊ិនដាស្ទ្រី ឯ.ក» ដែលមានទីតាំងនៅតាមផ្លូវបេតុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ប៉ុន្តែជាសំណាងល្អ ពុំបណ្ដាលឲ្យឆេះដល់អគាររោងចក្រកាត់ដេរនោះឡើយ ហើយក៏គ្មានអ្នករងរបួសនោះដែរ ។
នគរបាលបានប្រាប់ថា សំណង់អគារដែលរងការឆាបឆេះនោះមានទំហំ សរុប៥០ម៉ែត្រ គុណ១០០ម៉ែត្រ ហើយខូចខាត១បន្ទប់ ទំហំ ៣ម៉ែត្រ គុណ៤ម៉ែត្រ ដែលជាបន្ទប់ស្តុកប្រេងសាំងក្រអូប និងប្រេងម៉ាស៊ូត ចំនួន១៣កាន ស្មើនឹង៦៩០លីត្រ ព្រមទាំងម៉ាស៊ីនត្រជាក់ ចំនួន១គ្រឿងផងដែរ ។ ដោយឡែកម្ចាស់ទីតាំងឈ្មោះ ZHANG PAN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងរោងចក្រ កាន់លិខិតឆ្លងដែន EM ។
ប្រជាពលរដ្ឋ បាននិយាយថា នៅវេលាវេលាម៉ោងកើតហេតុខាងលើ ខណៈពួកគាត់កំពុងនៅក្នុងផ្ទះសុខៗស្រាប់តែឮសំឡេងផ្ទុះលាន់ ឮសូរប្រាវៗ ដែលជាសំឡេងឆ្លងចរន្តអគ្គិសនី លុះពេលចេញទៅមើលស្រាប់តែឃើញមានភ្លើងឆេះកន្លែងស្តុកប្រេងសាំក្រអូប និងប្រេងម៉ាស៊ូតក្នុងរោងចក្រ ចាក់ និងកាត់ដេរសម្លៀកបំពាក់«យីតិច អ៊ិនដាស្ទ្រី ឯ.ក» នោះសន្ធោសន្ធៅ និងមានផ្សែងខ្មួលខ្មាញ់បាត់ទៅហើយ។ ពេលនោះពួកគាត់ មិនអាចជួយពន្លត់កើតទេ ព្រោះភ្លើងឆេះខ្លាំងហើយគ្មានមធ្យោបាយអ្វី ដើម្បីជួយពន្លត់កើត ម្យ៉ាងទៀតនៅទីតាំងនោះ ក៏មានបង្គោលភ្លើងបំពាក់ទៅដោយប្រអប់ត្រង់ហ្វូ និងខ្សែកាប្លិ៍ភ្លើងទៀតផង ពួកគាត់ខ្លាចដាច់ខ្សែភ្លើងឆក់បង្កឲ្យមានគ្រោះថ្នាក់ ទើបមិនហ៊ានចូលទៅជិតឡើយ ។
ប្រជាពលរដ្ឋ បាននិយាយបន្តទៀតថា បន្ទាប់មកពួកគាត់បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗដោយប្រើបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់តែមិនរលត់ រហូតក្រោយមកមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានទៅកាន់ទីនោះជាបន្តបន្ទាប់ ហើយក្រុមអ្នកពន្លត់ភ្លើងបានបាញ់ទឹកពន្លត់ទើបភ្លើងរលត់ទៅវិញទាំងស្រុង។ ចំណែកបន្ទប់ នៃអគារនោះបានរងការខូចខាត ប៉ុន្តែមិនបណ្ដាលឲ្យឆេះរាលដល់អគារកាត់ដេរ និងសង្វាក់ផលិតកម្មនោះទេ ហើយក៏ពុំបណ្ដាលឲ្យមានកម្មករ កម្មការិនីណាម្នាក់រងរបួសនោះដែរ ព្រោះកម្មករបានឈប់សម្រាកនៅក្នុងអំឡុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អស់ហើយ និពុំទាន់ដល់ថ្ងៃត្រូវចូលធ្វើការវិញនៅឡើយទេ ។
នគរបាលបានប្រាប់ថា នៅក្នុងពេលទទួលបានដំណឹង នៃការឆាបឆេះនោះ ភ្លាមមានរថយន្តពន្លត់អគ្គិភ័យចេញទៅកាន់ទីតាំងកើតហេតុជាង១០គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៥គ្រឿងប្រើប្រាស់ទឹកអស់ ១គ្រឿង ស្មើនឹង៦ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មី ចំនួន២គ្រឿង ប្រើប្រាសទឹកអស់១រថយន្ត ស្មើនិង៦ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យ ប្រចាំការនៅសាលាខណ្ឌកំបូល ១គ្រឿង ពុំបានប្រើប្រាស់ទឹកទេ និងរថយន្តពន្លត់អគ្គិភ័យកងពលតូចលេខ៧០ ចំនួន៥គ្រឿង ពុំបានប្រើប្រាស់ទឹកទេ ដោយពន្លត់ចប់ នៅម៉ោង១៨ និង២០នាទីល្ងាច នាថ្ងៃខែឆាំ្នដដែល ៕













ចែករំលែកព័តមាននេះ