ទីក្រុងវ៉ាស៊ីនតោន៖ ករណីដ្រូនរបស់រុស្ស៊ីហោះចូលដែនអាកាសរបស់ប៉ូឡូញកាលពីប៉ុន្មានថ្ងៃមុននោះមិនមែនជារឿងសាមញ្ញពេកទេ ហើយក៏មិនទាន់បញ្ចប់ត្រឹមហ្នឹងដែរ។ កាលពីយប់មិញ អាមេរិកប្រើពាក្យសម្ដីម៉ឺងម៉ាត់ថាខ្លួននឹងការពារសម្ព័ន្ធមិត្តណាតូមិនឱ្យគេបំពារបំពានទឹកដីរបស់ពួកគេសូម្បីតែដីមួយអ៊ីញ (Inch)។ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតស្ដីទីអាមេរិកបានបញ្ជាក់ច្បាស់ៗថាប្រទេសរបស់ខ្លួននឹងឈរនៅខាងសម្ព័ន្ធមិត្តណាតូជានិច្ចនៅពេលពួកគេទទួលរងការបំពានដែនអាកាស។
ការថ្លែងដូច្នេះដើម្បីគូសបញ្ជាក់ជាថ្មីអំពីជំហររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្តណាតូរបស់ខ្លួនព្រោះកាលពីមុននេះលោកត្រាំបានធ្វើសេចក្ដីថ្លែងការណ៍ហាក់ដូចជាចម្រូងចម្រាស់ និងធ្វើឱ្យគេភាន់ច្រឡំ។ លោកត្រាំចង់មានន័យថាដ្រូនរបស់រុស្ស៊ីហោះចូលដែនអាកាសប៉ូឡូញនោះគឺហោះដោយភាន់ច្រឡំ និងមិនមែនជាចេតនារបស់រុស្ស៊ីទេ។
ករណីនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងសង្គ្រាមអ៊ុយក្រែន។ ហេតុនេះ ឯកអគ្គរដ្ឋទូតអាមេរិកកត់សម្គាល់ថាចាប់តាំងពីក្រោយពេលជួបគ្នាកម្រិតកំពូលរវាងលោកពូទីន និងលោកត្រាំនៅអាឡាស់ស្កា រុស្ស៊ីវាយប្រហារដែនអាកាសទៅលើអ៊ុយក្រែនកាន់តែខ្លាំង។ ទង្វើទាំងនោះរួមជាមួយការបំពានដែនអាកាសរបស់សម្ព័ន្ធមិត្តអាមេរិកថ្មីៗនេះទៀត ទោះបីធ្វើឡើងដោយចេតនា ឬយ៉ាងណាក្ដី វាជាការបង្ហាញថារុស្ស៊ីគ្មានសេចក្ដីគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាមនេះទេ។
នៅឯក្រុមប្រឹក្សាសន្តិសុខដដែលនោះ ឯកអគ្គរដ្ឋទូតប្រទេសស្លូវ៉ានីសូមជំទាស់នឹងការលើកឡើងថាដ្រូនរបស់រុស្ស៊ីហោះចូលដែនអាកាសប៉ូឡូញដោយច្រឡំ។ លោកថ្លែងថាយើងស្រមៃបន្តិចទៅមើល។ តើអាចទៅរួចទេ ដ្រូនហោះទាំងហ្វូងចូលដែនអាកាសប៉ូឡូញដល់ចម្ងាយណាណី ហើយនិយាយថាជាការភាន់ច្រឡំ?
រុស្ស៊ីបានបញ្ជាក់រួចហើយពាក់ព័ន្ធនឹងបញ្ហានេះ។ រុស្ស៊ីថានៅពេលកើតហេតុនោះ យោធារបស់ខ្លួនសម្រុកវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងក្លា។ រុស្ស៊ីថាខ្លួនគ្មានផែនការវាយប្រហារទីតាំងណាមួយនៅលើទឹកដីប៉ូឡូញទេ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្លែងថារុស្ស៊ីមិនបានដៅទីតាំងណាមួយនៅក្នុងទឹកដីប៉ូឡូញដើម្បីវាយប្រហារនោះទេ។ ដ្រូនរបស់រុស្ស៊ីដែលបញ្ជូនទៅវាយប្រហារអ៊ុយក្រែនអាចហោះបានមួយអស់ល្បត់ហើយត្រឹម៧០០គីឡូម៉ែត្រតែប៉ុណ្ណោះ។
កាលពីយប់មិញ បន្ទាប់ពីឡើងប្ដេជ្ញាការពារសម្ព័ន្ធមិត្តណាតូរបស់ខ្លួនរួចហើយ អាមេរិកក៏បានចូលរួមគាំទ្រសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមបស្ចិមប្រទេសផងដែរដើម្បីសម្ដែងការខ្វាយខ្វល់ពាក់ព័ន្ធនឹងករណីដ្រូនរុស្ស៊ីហោះចូលដែនអាកាសប៉ូឡូញ។ សេចក្ដីថ្លែងការណ៍នោះចោទប្រកាន់ថារុស្ស៊ីរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ សេចក្ដីថ្លែងការណ៍នោះគាំទ្រដោយប្រទេសចំនួន៤៣។ នេះបើយោងតាមប្រភពពីរ៉យទ័រ (Reuters) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ