ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម៖ ចំណូល​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករំពឹងថានឹងឈានដល់១,១ពាន់លានដុល្លារនៅចុងឆ្នាំនេះ ​

11 ម៉ោង មុន

រាជធានីភ្នំពេញ៖ លោកជំទាវ ចម និម្មល បានលើកឡើងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិកនៅកម្ពុជា បានបង្ហាញពីភាពធន់ និងភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា ដោយតាមការព្យាករណ៍នៅចុងឆ្នាំនេះ…

រាជធានីភ្នំពេញ៖ លោកជំទាវ ចម និម្មល បានលើកឡើងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិកនៅកម្ពុជា បានបង្ហាញពីភាពធន់ និងភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា ដោយតាមការព្យាករណ៍នៅចុងឆ្នាំនេះ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករំពឹងថានឹងឈានដល់ ១,១ពាន់លានដុល្លារសហរដ្ឋអាម៉េរិក និងនៅឆ្នាំ២០២៩ នឹងឈានដល់ ១,៨ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។

យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ​លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២” ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” ដែលមានវត្តមានអញ្ជើញចូលរួមពី​អ្នកពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

​​
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ​ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំ “សេចក្តីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មឌីជីថល” ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដោយយុទ្ធសាស្រ្តនេះ មានគោលបំណងសំខាន់បង្កើតនូវបរិយាកាសពាណិជ្ជកម្មឌីជីថលប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងជំរុញសមាហរណកម្មអន្តរជាតិ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលរឹងមាំ យន្ដការឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធផល និងប្រព័ន្ធអេកូឡូស៊ីទុកចិត្តមួយ ដែលផ្ដល់ឱកាសឱ្យពាណិជ្ជករ ធុរជន និងអ្នកប្រើប្រាស់ ទទួលបានកាលានុវត្តភាពឌីជីថលក្នុងការជំរុញនវានុវត្តន៍ លើកកម្ពស់ភាពប្រកួតប្រជែង និងសមាហរណកម្មក្នុងសេដ្ឋកិច្ចឌីជីថលថ្នាក់តំបន់ និងសកល។

​ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេចក្នុងការសហការនិងរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើកកម្ពស់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការពង្រឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើវេទិកាអនឡាញ និងឈានទៅដល់ការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រការច្នៃប្រឌិត ជំរុញការប្រកួតប្រជែង និងធានាថាអត្ថប្រយោជន៍នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានទទួលដោយប្រជាជនកម្ពុជាទាំងអស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ