ខេត្តព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែង នៅថ្ងៃទី១២ កញ្ញា នេះ បានចាប់ឃាត់រថយន្តធំៗចំនួន១១គ្រឿង ដែលបានដឹកខ្សាច់ធ្វើចរាចរណ៍តាមដងផ្លូវ មិនគោរពទៅតាមលក្ខណៈបច្ចេកទេសដោយធ្វើឲ្យខ្សាច់ជ្រុះតាមផ្លូវ ហើយមានទឹកហូរចេញពីរថយន្តថែមទៀតផង ។

មន្ត្រីនគរបាលដែលកំពុងចុះប្រតិបត្តិការនេះបានឲ្យដឹងថា មូលហេតុដែលឈានឲ្យមានការចុះចាប់ឃាត់រថយន្តដឹកខ្សាច់ធំៗទាំងអស់នេះ គឺដោយសារមានប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមួយចំនួនបានលើកឡើងថា ក្រុមរថយន្តដឹកខ្សាច់ធំៗទាំងនេះ ដឹកជញ្ជូនខ្សាច់សើមបង្ហូរទឹកពេញផ្លូវ ហើយដាក់ខ្សាច់ខ្ពស់ហួសទ្រុងអត់គ្រប ធ្វើឲ្យខ្សាច់ជ្រុះពេញផ្លូវ បណ្ដាលឲ្យអ្នកធ្វើដំណើរតាមម៉ូតូកិនដួលជាញឹកញាប់។

ក្រុមរថយន្តដឹកខ្សាច់ទាំងនេះ ក៏បានធ្វើឲ្យផ្លូវជាតិលេខ៣១០ ប្រវែងជិត១០គីឡូម៉ែត្រ គិតចាប់ពីចំណុចទីប្រជុំជនអ្នកលឿង រហូតដល់ឃុំព្រែកក្របៅ ស្រុកពាមជរ បានរងការខូចខាតយ៉ាងខ្លាំងផងដែរ ដោយសារតែទឹកដែលស្រក់ចេញពីរថយន្ត ធ្វើឱ្យផ្លូវសើម គួបផ្សំនឹងរថយន្តដឹកធ្ងន់លើសចំណុះ ធ្វើឲ្យផ្លូវផុងស្រុតខូចតែម្តង។

ប្រភពដដែលនេះបានបញ្ជាក់ថា សកម្មភាពឆក់ចុះចាប់ឃាត់រថយន្តដឹកធ្ងន់នេះ ធ្វើឡើងនៅចំណុចក្បែរសាលាឃុំព្រែកខ្សាយ (ខ) ក្នុងស្រុកពាមរក៍ លើកំណត់ផ្លូវជាតិលេខ៣១០ ដោយផ្ដោតសំខាន់ទៅលើតែរថយន្តដឹកខ្សាច់ប៉ុណ្ណោះ នៅពេលពិនិត្យឃើញថា រថយន្តនោះដឹកត្រឹមត្រូវពុំមានទឹកហូរស្រក់ និងគ្របបានត្រឹមត្រូវមិនធ្វើឲ្យខ្សាច់ជ្រុះនោះ សមត្ថកិច្ចនឹងអនុញ្ញាតឲ្យទៅមិនឃាត់ទុកទេ ប៉ុន្តែបើពិនិត្យឃើញដឹកខ្សាច់ខ្ពស់ហួសទ្រង់មិនមានការគ្របត្រឹមត្រូវ ឬមានទឹកហូរស្រក់ចេញពីរថយន្ត សមត្ថកិច្ចនិងធ្វើការចាប់ឃាត់អប់រំណែនាំ និងធ្វើកិច្ចសន្យា ប៉ុន្តែមិនមានការផាកពិន័យជាប្រាក់នោះទេ ប៉ុន្តែបើម្ចាស់រថយន្តមិនរាងចាលនៅតែបំពាន នោះអាចនឹងត្រូវជួបវិធានការក្តៅ ។

គិតត្រឹមល្ងាចថ្ងៃទី១២ កញ្ញានេះ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង ចាប់ឃាត់រថយន្តដឹកខ្សាច់ធំៗធ្វើការអប់រំណែនាំ និងកិច្ចសន្យាសរុបបានចំនួន១១គ្រឿង ជាមួយគ្នានោះគេសង្កេតឃើញមានរថយន្តដឹកខ្សាច់ធំៗរាប់សិបគ្រឿងផ្សេងទៀតបាននាំគ្នាចូលលាក់ខ្លួនពួនអាត្មា នៅតាមដេប៉ូខ្សាច់មិនហ៊ានចេញនោះទេ ព្រោះខ្លាចត្រូវសមត្ថកិច្ចចាប់ឃាត់ ។


ចែករំលែកព័តមាននេះ