ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្ត​ព្រះ​សីហ​នុ បន្ត​បង្ក្រាប​បទល្មើស Online Scam ឃាត់ខ្លួន​ជនសង្ស័យ​៥០​នាក់

10 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​ចម្រុះ នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៦ បាន​បន្ត​យុទ្ធនា​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​ចម្រុះ នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៦ បាន​បន្ត​យុទ្ធនា​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្នាក់​នៅ​ប្រមូលផ្តុំ​ចំនួន ២៦​ទីតាំង និង​ឈាន​ទៅ​បង្ក្រាប​បាន​ចំនួន ៤​ទីតាំង​ជាក់ស្តែង ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា ទីតាំង​ទាំង​៤​កន្លែង ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ រួម​មាន ៖ សណ្ឋាគារ ជី​ន​សា ហូ​លី​ដេ​, វីឡា​ភូមិ​គ្រឹះ​, អគារ​ខុន​ដូរ ស៊ែ​ង យូរ និង ផ្ទះ​ជួល នៅ​សង្កាត់​៤ ។

ជា​លទ្ធផល​សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ​សរុប​ចំនួន ៥០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​៣៦​នាក់​, ជនជាតិ​ខ្មែរ​ចំនួន ៣​នាក់ (​ស្រី្ត ១ នាក់​), ជនជាតិ​ឥណ្ឌា ចំនួន ៥​នាក់ (​ក្នុង​នោះ ស្រី្ត ២​នាក់​), ជនជាតិ​បង់​ក្លា​ដេ​ស ចំនួន ៣​នាក់​, ជនជាតិ​ប៉ា​គី​ស្ថាន ចំនួន ២​នាក់ និង​ស្ត្រី​ជនជាតិ​ភូមា ចំនួន ១​នាក់ រួម​ទាំង​បាន​ដកហូត​វត្ថុ​តាង​មាន​ដូច​ជា ៖ កុំព្យូទ័រ​លើ​តុ ទូរ​សព្ទ​ដៃ និង​កុំព្យូទ័រ​យួរដៃ​មួយ​ចំនួន ។

ក្រៅពី​ការ​បង្ក្រាប​ទីតាំង​ទាំង​៤​ខាងលើ ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កាស៊ីណូ ហ្គោ​ល​ដិ​ន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ផង​ដែរ ដោយ​រក​ឃើញ​សម្ភារៈ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ សកម្មភាព​ឆបោក​តាម​អន​ឡាញ​រួម​មាន កុំព្យូទ័រ​លើ​តុ​ចំនួន ១៨៦ គ្រឿង និង​ទូរ​សព្ទ​ដៃ​ចំនួន ១៥៤ គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​នេះ ត្រូវ​បាន​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និង​ឈាន​ទៅ​កំណត់​មុខសញ្ញា​មេខ្លោង​ពាក់ព័ន្ធ​ជា​បន្ត​ទៀត​។

លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) សូម​ជម្រាប​ជូន​ថា ការ​បោសសម្អាត Online Scam នៅ​ទួ​ទាំង​ប្រទេស គិត​ចាប់ពី​ឆ្នាំ​២០២៥ រហូត​ដល់​ស​ប្តា​ហ៍​ទី​២ ខែមីនា ឆ្នាំ​២០២៦ នេះ សមត្ថកិច្ច និង​អាជ្ញាធរ​ក្នុង​រាជធានី​-​ខេត្ត បាន​បង្ក្រាប​ដល់ទី​តាំង និង​បិទ​សៀ​ល​(​មិន​ឱ្យ​មាន​សកម្មភាព​) សរុប​ចំនួន ២៣៦ ទីតាំង នៅ​ក្នុង​បណ្តា​រាជធានី ខេត្ត ក្នុង​នោះ​ទីតាំង​កាស៊ីណូ ចំនួន ៩១ ទីតាំង ទៅ​តាំង​ជា​ប្រភេទ​បុរី វីឡា ខុន​ដូ លំនៅ​ឋាន ចំនួន ១៤៥ ទីតាំង ។

តាម​របាយការណ៍​របស់​ក្រសួងយុត្តិធម៌ ក្នុង​រយៈពេល​៨​ខែ​ចុង​ក្រោយ​នេះ តុលាការ​កម្ពុជា​បាន​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ សរុប​ចំនួន ៧៩ សំណុំរឿង ដើម្បី​ផ្តន្ទាទោស​មេខ្លោង និង​បក្ខពួក​ចំនួន ៦៩៧ នាក់ ចំណោម​នោះ​មាន​ជនជាតិ​ចិន វៀតណាម ឥណ្ឌូ​នេ​ស៊ី ជប៉ុន កូរ៉េ​ខាងត្បូង មី​យ៉ា​ន់​ម៉ា បង់​ក្លា​ដេ​ស សិង្ហ​បុរី នេ​ប៉ា​ល់ ឥណ្ឌា ម៉ា​ឡេ​ស៊ី ខ្មែរ ប៉ា​គី​ស្ថាន ថៃ ហើយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​សំណុំរឿង ចេ​ន ស៊ី , សំណុំរឿង​ឧកញ៉ា លី គួ​ង និង​សំណុំរឿង​ធំ​ៗ​ពាក់ព័ន្ធ​នឹង​មេខ្លោង​ជា​ជនបរទេស​ផ្សេង​ទៀត​។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា​នៅ​ត្រឹម​ខែមេសា ឆ្នាំ​២០២៦​។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ​។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ