ទីក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់សច្ចាថាខ្លួនត្រូវតែបន្តធ្វើសង្គ្រាមរហូតដល់ទទួលបានជ័យជម្នះ។ ដូច្នេះ គ្មានឡើយការស្នើសុំឱ្យមានបទឈប់បាញ់ ឬការបោះដៃទៅរកការសន្ទនាគ្នាបញ្ចប់សង្គ្រាម។ ថ្ងៃនេះ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ថ្លែងថាកងទ័ពអ៊ីរ៉ងនឹងបន្តប្រយុទ្ធគ្នារហូតដល់ទទួលបានជោគជ័យជាស្ថាពរ។ ការថ្លែងរបស់ឧត្ដមសេនីយ៍អ៊ីរ៉ង់ លោកអាលី អាប់ឌុលឡាហ៊ី អាលីយ៉ាងបាឌី (Ali Abdollahi Aliabadi) ដែលបម្រើការនៅអគ្គបញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពខាតាំ អាល់អាន់ប៊ីយ៉ា (Khatam-al Anbiya) ទំនងជាចង់ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកដូណាល់ត្រាំដែលថាអាមេរិក និងអ៊ីរ៉ង់កំពុងចរចាគ្នា។

ប្រទេសអ៊ីរ៉ង់បានច្រានចោលការអះអាងរបស់លោកត្រាំ។ អ៊ីរ៉ង់ថ្លែងថាគ្មានការចរចាគ្នាណាមួយកើតឡើងទេ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កំពុងពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសនានានៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់ពាក្យសម្ដីរបស់អ្នកនាំពាក្យយោធាខាងលើនេះមកផ្សាយថាកងទ័ពអ៊ីរ៉ង់ដ៏មានមោទកភាព ប្រកបដោយទឹកចិត្តជាញជ័យ និងទឹកចិត្តនឹងន ប្ដេជ្ញាថានឹងការពារបូរណភាពទឹកដីរបស់អ៊ីរ៉ង់។ ពួកគេនឹងប្រកាន់យកមាគ៌ានេះរហូតដល់ទទួលជ័យជម្នះទាំងស្រុង។

អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើពាក្យថា «ជ័យជម្នះទាំងស្រុង» នៅក្នុងន័យនេះជាអ្វីទេ។ យោធាអ៊ីរ៉ង់ទំនងជាកំពុងព្យាយាមបង្ហាញទៅពិភពលោកថាខ្លួននឹងមិនធ្វើសម្បទានអ្វីទាំងអស់បើសិនមានការចរចាគ្នាជាមួយអាមេរិក។ កាលពីមុននេះ លោកត្រាំប្រកាសថាលោកប្រាប់ទៅក្រសួងសង្គ្រាមឱ្យផ្អាកវាយប្រហារទីតាំងថាមពលរបស់អ៊ីរ៉ង់រយៈពេល៥ថ្ងៃដើម្បីយកពេលចរចាគ្នា។ លោកអះអាងថារហូតមកដល់ពេលនេះ ភាគីទាំង២ឯកភាពគ្នាជាគោលធំៗចំនួន១៥ចំណុចក្រោយការចរចាគ្នាកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

លោកត្រាំប្រកាសផ្អាកវាយប្រហារអ៊ីរ៉ង់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនការឈានដល់ឱសានវាទ៤៨ម៉ោងដែលលោកដាក់ឱ្យអ៊ីរ៉ង់ពិចារណាក្នុងការបើកច្រកហ័រម៉ូសឡើងវិញ។ កាលនោះ លោកព្រមានថាបើមិនព្រមបើកច្រកនេះទេ លោកនឹងវាយកម្ទេចទីតាំងថាមពលរបស់អ៊ីរ៉ង់ទាំងអស់ដោយចាប់ផ្ដើមពីទីតាំងធំជាងគេមកមុន។ មុនដំបូងប្រេងឡើងថ្លៃ។ ប៉ុន្តែក្រោយការប្រកាសផ្អាកវាយប្រហារ៥ថ្ងៃនោះមក គេឃើញថាប្រេងតាមហាងឆេងអឺរ៉ុប (Brent) និងហាងឆេងអាមេរិក (West Texas) ចាប់ផ្ដើមធ្លាក់ថ្លៃជិត១១%៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ