ខេត្តមណ្ឌលគិរី ៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ ដោយដកហូតម៉ាស៊ីនកែច្នៃ និងឈើអារជាច្រើនសន្លឹក ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ក្រោមការសម្របសម្រួលពីឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងទាំង២ដែលត្រូវបង្ក្រាបនេះមាន ៖ ទីតាំងទី១-នៅវេលាម៉ោងប្រមាណ៩និង៤០នាទីព្រឹក ក្រុមការងារដឹកនាំដោយលោក អ៊ុក វណ្ណៈ នាយរងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានចុះទៅដល់ទីតាំងរោងសិប្បកម្មរបស់ឈ្មោះយ៉ន ចន្ទី ។ ជាលទ្ធផល កម្លាំងជំនាញបានរកឃើញនិងដកហូតវត្ថុតាងរួមមាន តាបឈើឈូសចំនួន១ ម៉ាស៊ីនត្រង់សឺន័រ១គ្រឿង ម៉ាស៊ីនគោយន្ត១គ្រឿង ឈើអារប្រភេទលេខ១(សុក្រំ) ចំនួន១១៥ដុំ/សន្លឹក ។ទីតាំងទី២-នៅវេលាម៉ោង១១និង១៥នាទីព្រឹក ក្រុមការងារបានបន្តចុះបង្ក្រាបទីតាំងសិប្បកម្មរបស់ម្ចាស់ឈ្មោះ ឆុន ភារុន ភេទប្រុស អាយុ៣៦ឆ្នាំ ។

នៅទីតាំងនេះ សមត្ថកិច្ចបានដកហូតតាបឈើឈូស១ ម៉ាស៊ីនត្រង់សឺន័រ១គ្រឿង រណារបញ្ឈរ១គ្រឿង និងឈើអារប្រភេទលេខ១(សុក្រំ) ចំនួន១៨ដុំ ។យោងតាមរបាយការណ៍របស់មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីរកឃើញថា ម្ចាស់ទីតាំងទាំង២ខាងលើបានលួចលាក់បង្កើតរោងសិប្បកម្មកែច្នៃឈើដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញ ដែលជាអំពើល្មើសនឹងច្បាប់ស្តីពីព្រៃឈើ ។

វត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញដកហូត និងនាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ