ទីក្រុងវ៉ាសូវី៖ ថ្ងៃនេះ ច្រកព្រំដែនដែលជាប់នឹងប្រទេសបេឡារូសត្រូវប៉ូឡូញសម្រេចបិទជាឯកតោភាគីបន្ទាប់ពីបេឡារូស និងរុស្ស៊ីធ្វើសមយុទ្ធយោធារួមគ្នា។ រថយន្ត និងរថភ្លើងដឹកទំនិញមិនអាចបើកចេញចូលបានឡើយនៅពេលរុស្ស៊ីធ្វើសមយុទ្ធយោធាហ្សាប៉ាត់ឆ្នាំ២០២៥ (Zapad 2025) ដែលចាប់ផ្ដើមនៅថ្ងៃនេះនឹងធ្វើឡើងនៅលើទឹកដីបេឡារូសផង និងទឹកដីរុស្ស៊ីភាគខាងលិចផង។ សមយុទ្ធយោធានេះបង្កការភ្ញាក់ផ្អើលសម្រាប់ក្រុមប្រទេសសម្ព័ន្ធមិត្តអង្គការណាតូដូចជាប៉ូឡូញ លីទុយអានី និងឡាតវីជាដើម។
ដើម្បីជាវិធានការបង្ការមិនឱ្យមានករណីជ្រុលជ្រួសដូចកាលពីប៉ុន្មានថ្ងៃមុនដែលដ្រូនរបស់រុស្ស៊ីរាប់សិបគ្រឿងហោះចូលដែនអាកាសប៉ូឡូញ ប៉ូឡូញថ្ងៃនេះលេងឈុតធំតែម្ដង។ រដ្ឋាភិបាលទីក្រុងវ៉ាសូវីប្រកាសថាខ្លួនប្រើកម្លាំងយោធា៤ម៉ឺននាក់ដាក់ពង្រាយនៅតាមព្រំដែនប្រទេសបេឡារូស និងតំបន់កាលីនីនក្រាតរបស់រុស្ស៊ី (Kaliningrad)។ តាមពិត នេះមិនមែនជាលើកទីមួយទេដែលប៉ូឡូញបិទព្រំដែនជាឯកតោភាគី។ កាលពីមុននេះ ប៉ូឡូញធ្លាប់បិទព្រំដែនសឹងតែទាំងស្រុង ទុកតែ២ប៉ុណ្ណោះ។
រដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញបានធ្វើដំណើរទៅថ្លែងសុន្ទរកថាកៀកនឹងព្រំដែនប្រទេសបេឡារូសតែម្ដងកាលពីយប់មិញ។ លោកថាសមយុទ្ធយោធារវាងរុស្ស៊ី និងបេឡារូសមានគោលដៅគំរាមប៉ូឡូញ និងសហភាពអឺរ៉ុប។ លោកក៏ឆ្លៀតនិយាយរំលឹកទៅដល់ព្រឹត្តិការណ៍ដែលដ្រូនរបស់រុស្ស៊ីហោះចូលដែនអាកាសប៉ូឡូញផងដែរ។ ដ្រូនមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ត្រូវទ័ពអាកាសប៉ូឡូញបាញ់ទម្លាក់អស់គ្មានសល់។ ប៉ូឡូញអះអាងថានៅពេលនោះ រុស្ស៊ីបញ្ជូនដ្រូន១៩គ្រឿងចូលដែនអាកាសខ្លួនដោយចេតនា។
នៅពេលស្ថានការណ៍ហាក់ដូចជាឡើងកម្ដៅ និងដើម្បីជាការឆ្លើយតបទៅនឹងករណីដែលដ្រូនរុស្ស៊ីរំលោភអធិបតេយ្យភាពរបស់ខ្លួនដូច្នេះ ប៉ូឡូញបាននិយាយរំលឹកមាត្រា៤នៃធម្មនុញ្ញរបស់អង្គការណាតូដែលអនុញ្ញាតឱ្យរដ្ឋជាសមាជិកស្នើសុំពិគ្រោះយោបល់គ្នាបើសិនពួកគេទទួលអារម្មណ៍ថាសន្តិសុខរបស់ខ្លួនត្រូវគេគំរាមកំហែង។ យោងតាមរដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញ ការសម្រេចចិត្តបិទព្រំដែនដើម្បីធានាសន្តិសុខ។
ប៉ូឡូញប្រកាសអំពីគម្រោងបិទព្រំដែនតាំងពីថ្ងៃទី៩ ខែកញ្ញា និងចាប់អនុវត្តនៅថ្ងៃនេះ។ ក្រុមបស្ចិមប្រទេសយល់ថាសមយុទ្ធយោធារវាងរុស្ស៊ី និងបេឡារូសដែលធ្វើឡើងជាហូរហែកន្លងមកនេះថ្វីដ្បិតរូបភាពពីសម្បកក្រៅជាការការពារខ្លួនពិតមែនហើយ ក៏ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ទំនាក់ទំនងរវាងបេឡារូស និងប្រទេសជិតខាង។
ប្រទេសជិតខាងបេឡារូសមានអារម្មណ៍មិនស្រណុកខ្លួនទាល់តែសោះ ហើយក៏មិនសូវទុកចិត្តសមយុទ្ធយោធានេះប៉ុន្មានដែរព្រោះធ្លាប់មានប្រវត្តិកាលពីឆ្នាំ២០២១។ កាលនោះ រុស្ស៊ី និងបេឡារូសធ្វើសមយុទ្ធយោធារបៀបនេះដែរ។ ប៉ុន្តែពេលចប់សមយុទ្ធយោធា រុស្ស៊ីនៅបន្តរក្សាកងទ័ពរបស់ខ្លួននៅលើទឹកដីបេឡារូសដើម្បីត្រៀមវាយចូលប្រទេសអ៊ុយក្រែន។ នៅទីបំផុត ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែនតែម្ដង។ ចំពោះការធ្វើសមយុទ្ធយោធាលើកនេះ ពួកអឺរ៉ុបកំពុងតាមដានដោយយកចិត្តទុកដាក់ផង និងដោយការខ្វាយខ្វល់នៅក្នុងចិត្តផង។ នេះបើយោងតាមប្រភពពីកៀវអ៊ីនឌីផឹនដឹន (Kyiv Independent) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ