ប្រទេសស្វីស ៖ ធនាគារវិនិយោគប្រទេសស្វីស UBS នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានបង្កើនការព្យាករណ៍តម្លៃមាសរបស់ខ្លួន ដោយតម្លៃឈានដល់ ៣ ៨០០ដុល្លារក្នុង១អោន ឬ ៤ ៥៧៨ដុល្លារក្នុង១តម្លឹង នៅចុងឆ្នាំនេះ និង ៣ ៩០០ដុល្លារក្នុង១អោន ឬ ៤ ៦៩៨ដុល្លារក្នុង១តម្លឹង នៅពាក់កណ្តាលឆ្នាំក្រោយ ដោយលើកឡើងពីការរំពឹងទុកលើការបន្ធូរបន្ថយរបស់ធនាគារកណ្តាលអាមេរិក (Fed) និងកម្សោយនៃប្រាក់ដុល្លារអាមេរិក ទាក់ទងនឹងការទម្លាក់អត្រាការប្រាក់ និងហានិភ័យភូមិសាស្ត្រនយោបាយ។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
UBS បានបញ្ជាក់ក្នុងកំណត់ត្រាមួយរបស់ខ្លួន ហើយក៏បានកែសម្រួលការប៉ាន់ប្រមាណពីមុនរបស់ខ្លួន សម្រាប់ការកាន់កាប់មូលនិធិជួញដូរមាស (ETF) ដោយបានព្យាករណ៍ថ្មីថា កម្រិតកាន់កាប់លោហៈធាតុដ៏មានតម្លៃនេះ នឹងលើសពី ៣ ៩០០តោន នៅចុងឆ្នាំនេះ ដែលខិតជិតដល់ចំនួនកំណត់ត្រាខ្ពស់បំផុត ៣ ៩១៥តោន ដែលត្រូវបានកត់ត្រា កាលពីខែតុលា ឆ្នាំ ២០២០។
ធនាគារបានគូសបញ្ជាក់ពីការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយ និងភាពខុសគ្នានៃគោលនយោបាយរវាងរដ្ឋបាលសហរដ្ឋអាមេរិក និងធនាគារកណ្តាលប្រទេសនេះ ដែលជាកត្តាសំខាន់ជំរុញតម្លៃមាស រួមជាមួយជំហររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុងការជំរុញឱ្យមានការទមា្លក់អត្រាការប្រាក់។ ទោះជាយ៉ាងណាក៏ដោយ UBS បានបន្ថែមថា ហានិភ័យដ៏សំខាន់ដែលជះឥទ្ធិពលលើតម្លៃមាសកើតឡើង ប្រសិនបើធនាគារកណ្តាលអាមេរិក ត្រូវបានបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដោយសារតែផលវិបាកទាក់ទងនឹងអតិផរណា។
ដុំមាស ដែលជារឿយៗត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុត អំឡុងពេលនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភូមិសាស្ត្រនយោបាយ ហើយតម្លៃតែងតែកើនឡើងនៅពេលមានការអត្រាប្រាក់ទាប ។
តម្លៃមាសអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុត ៣ ៦៧៤ដុល្លារក្នុង១អោន ឬ ៤ ៤២៦ដុល្លារក្នុង១តម្លឹង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ពោលបានកើនឡើងច្រើនជាង ៣៩% ធៀបនឹងឆ្នាំមុន មុនពេលរក្សាតម្លៃមកនៅត្រឹម ៣ ៦៤៦ដុល្លារក្នុង១អោន ឬ ៤ ៣៩២ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង៣នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា (ម៉ោងនៅកម្ពុជា)៕ ប្រភព ៖ Reuters និង Bloomberg

ចែករំលែកព័តមាននេះ