ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ភាគច្រើនជាជនជាតិចិន មើលទៅឫកពារទំនងសុទ្ធតែជាអ្នកលេងហៅអ្នកលេងចិន ដែលបានផ្ទុះអាវុធយ៉ាងរញ៉េរញ៉ៃនៅចំណុចផ្សារព្រីនមាត់សមុទ្រ ។ ការបើកប្រតិបត្តិការចាប់ខ្លួនជនទាក់ទិននឹងការផ្ទុះអាវុធបង្កឱ្យមានការភ័យខ្លាចសម្រាប់សាធារណជន ដែលមានទីតាំងនៅតាមបណ្តោយឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ២០២៥ ។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការខេត្តព្រះសីហនុថ្លែងប្រាប់សារព័ត៌មានតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៥ ។

បើតាមលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ក្នុងប្រតិបត្តិការចុះបង្ក្រាបជនសង្ស័យទាក់ទិននឹងការផ្ទុះអាវុធនេះ សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីនិងវែងប្រមាណ ១០ដើម ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសាកសួរជនសង្ស័យទាំង ៣៥នាក់ដើម្បីរៀបចំសំណុំរឿង និងចាត់វិធានការតាមច្បាប់ ។ លោកស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះ ថា «យើងកំពុងព្យាយាមស្រាវជ្រាវរកមូលហេតុនៃការបង្កជម្លោះប្រដាប់អាវុធនេះ ហើយតាមការសាកសួរជនសង្ស័យបានសារភាពថា ពួកគេឈ្លោះគ្នាដោយសារជំនួញរកស៊ីមិនត្រូវគ្នា ប៉ុន្តែពួកគេ ហាក់ព្យាយាមលាក់ព័ត៌មានមិននិយាយឱ្យច្បាស់លាស់ ទើបយើងមិនទាន់ច្បាស់ពីមូលហេតុនៃការកើតមានជម្លោះនេះ» ។

អ្វីដែលសាធារណជនមានការចាប់អារម្មណ៍ដែរនោះគឺការប្រើប្រាស់អាវុធ មានវែងមានខ្លីបាញ់គ្នា តើជាអាវុធបានមកពីណា ? នេះជាការបង្កឱ្យមានភាពអសន្តិសុខ ដែលតែងកើតមាននៅខេត្តមាត់សមុទ្រមួយនេះ ដែលសម្បូរទៅដោយក្រុមជនជាតិចិន ។ មុននេះប៉ុន្មានថ្ងៃ ទីតាំងម៉ាស្សាមួយក៏មានសេចក្តីរាយការណ៍ពីការអុកឡុកពួកបុរសចិនដែរ រហូតសមត្ថកិច្ចបានធ្វើការបង្ក្រាបក្នុងជម្លោះ រវាងបុរសជាជនជាតិចិន និងនារីម៉ាស្សាជាច្រើននាក់ចេញពីកន្លែងម៉ាស្សា ដោយមានការដេញវាយគ្នាផ្អើលពេញផ្លូវ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅវេលាម៉ោង៧យប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចកែងផ្លូវលេខ៨១៤ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ក្រោយបង្កការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានចុះមកឃាត់ខ្លួនក្រុមអ្នកផ្ទុះអាវុធទាំងសងខាងយកទៅសួនាំបន្ត ។ ករណីនេះ គេមិនអាចរកព័ត៌មានលម្អិតជាងនេះបានទេ ហើយមន្ត្រីដែលបានសាកសួរបាននិយាយថាវាក្លាយទៅជារឿងធម្មតាទៅហើយជម្លោះបែបនេះ ដែលចិនអ្នកលេងបានបង្កឡើង ៕



ចែករំលែកព័តមាននេះ