ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់សុខដុម សប្បាយរីករាយជាខ្លាំងក្រោយបញ្ហាជាច្រើន ពាក់ព័ន្ឋជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ត្រូវបានអាជ្ញាធរផ្តល់ដំណោះស្រាយដ៏សមស្រប ក្នុងវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ជាពិសេសគឺ ការសាងសង់ផ្លូវបេតុងថ្មីមួយខ្សែមានទីតាំងនៅជើងភ្នំដោះក្រមុំ ដែលមានសភាពលំបាកជាយូរមកហើយ ។

ក្នុងវេទិការខាងលើនេះ គេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរជាច្រើន រួមមាន បញ្ហាក្មេងទំនើង ចោរកម្ម គ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណៈ បញ្ហាអនាម័យ ភ្លើងបំភ្លឺតាមដងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ឋក្នុងភូមិ ដើម្បីថ្នាក់ដឹកនាំ ដោះស្រាយ។ ឆ្លើយតបនិងសំណើររបស់បងប្អូនអ្នកភូមិ ដែលបានចូលរួមក្នុងអង្គវេទិកាសាធារណៈ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ រួមនិងលោកស្រី នេត ឆាយា ចៅសង្កាត់សុខដុម បានដោះស្រាយនូវការសាងសង់ផ្លូវបេតុងមួយខ្សែចាប់ពីចំនុចផ្លូវកែងបំបែក វិមានឯករាជ្យឆ្ពោះទៅជើងភ្នំដោះក្រមុំ នាចុងឆ្នាំ២០២៥នេះ ។

ចំណែកបញ្ហាការចោលសំរាមពាសវាលពាសកាល នៅចំណុចភ្នំអគ្គជិតភ្នំដោះក្រមុំ អាជ្ញាធរបានស្នើរសុំការចូលរួមបន្ថែមពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងនោះ ជួយហាមឃាត់ឬថតរូបអ្នកចោលសំរាមអនាធិបតេយ្យ ផ្ញើរជូនសមត្ថកិច្ចឬអាជ្ញាធរ ដើម្បីចាត់វិធានការលើជនទាំងនោះ ។ ហើយដំណោះស្រាយមួយទៀតលោកស្រីចៅសង្កាត់ និងសហការជាមួយមន្ទីរបរិស្ថានខេត្ត រៀបចំដាក់ធុងសំរាមតាមដងផ្លូវបេតុង សម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ ដើម្បីចូលរួមកែលម្អសោភ័នភាពក្រុង ។

ចំពោះបញ្ហាក្មេងទំនើង ចោរកម្ម គ្រឿងញៀន និងសន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណៈ ត្រូវបានលោកអធិការរងក្រុងសែនមនោរម្យរួមនិងលោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់សុខដុម សន្យាបង្កើនសកម្មភាពចុះល្បាត និងក្តាប់មុខសញ្ញាទាំងនោះដើម្បីចាត់វិធានការ។ ទន្ទឹមនេះសមត្ថកិច្ចក៏បានក្រើនរំឮកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការស្អិតរមួតផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចដើម្បីប្រសិទ្ឋភាពការអនុវត្តការងារ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងមូលដ្ឋានកាន់តែប្រសើរ ៕




ចែករំលែកព័តមាននេះ