សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសន្សំសំចៃអាហារដែលសល់ជារឿងល្អ ប៉ុន្តែការញ៉ាំអាហារដែលទុកចោលយូរពេកអាចក្លាយជា “ឃាតករលាក់មុខ” បំផ្លាញសុខភាពដោយមិនដឹងខ្លួន។
អ្នកជំនាញអាហារូបត្ថម្ភបានព្រមានថា អាហារដែលទុកចោលលើសពី ៦ ម៉ោង ឬរក្សាទុកមួយយប់ នឹងមានការកើនឡើងនូវសារធាតុនីទ្រីតដែលជាភ្នាក់ងារបង្កមហារីកយ៉ាងសាហាវ និងអាចនាំឱ្យមានអាការៈពុលចំណីអាហារ ឬឆ្លងមេរោគក្នុងចរន្តឈាមបានយ៉ាងងាយ។
អាហារដែលគ្រោះថ្នាក់បំផុតរួមមានបន្លែស្លឹកបៃតង ដែលអាចបំប្លែងសារធាតុនីត្រាតទៅជាជាតិពុលបង្កមហារីកក្រពះ និងមុខម្ហូបធ្វើពីស៊ុតដែលងាយរងអុកស៊ីតកម្មនៅពេលកម្ដៅម្ដងហើយម្ដងទៀត។ ចំណែកឯគ្រឿងសមុទ្រវិញ ជាតិប្រូតេអ៊ីនរបស់វានឹងប្រែប្រួលសភាពខុសធម្មតាដែលផ្ដល់ផលប៉ះពាល់ផ្ទាល់ដល់មុខងារថ្លើម និងតម្រងនោម រីឯទឹកស៊ុបដែលរក្សាទុកក្នុងឆ្នាំងលោហៈមួយយប់ ក៏អាចធ្វើឱ្យជាតិពុលពីលោហៈរលាយចូលក្នុងអាហារដែលនាំឱ្យប៉ះពាល់ដល់រាងកាយយ៉ាងធ្ងន់ធ្ងរផងដែរ។
ដើម្បីសុវត្ថិភាពសុខភាព អ្នកគួរចម្អិនអាហារក្នុងបរិមាណល្មមសម្រាប់ទទួលទានក្នុងមួយពេលៗជានិច្ច។ ក្នុងករណីដែលមានអាហារសល់ អ្នកមិនគួររក្សាទុកលើសពី ៦ ម៉ោងឡើយ ហើយអ្វីដែលសំខាន់បំផុតនោះ គឺត្រូវផ្លាស់ប្តូរអាហារដែលនៅសល់ទាំងនោះចេញពីឆ្នាំងលោហៈ មកដាក់ក្នុងប្រអប់កែវ ឬសេរ៉ាមិចដែលមានគ្របជិតល្អ ទើបអាចជួយកាត់បន្ថយហានិភ័យនៃការកកកុញបាក់តេរី និងជាតិពុលដែលបំផ្លាញសុខភាពក្នុងរយៈពេលវែង៕
ចែករំលែកព័តមាននេះ