អន្តរជាតិ ៖ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះបន្តិច នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអំពាវនាវឱ្យប្រទេសនានា បញ្ជូននាវាចម្បាំងជួយការពារ និងបើកច្រកសមុទ្រហ័រមូស (Hormuz) ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
កិច្ចសន្យាប្រេងឆៅប្រភេទ Brent នាពេលអនាគត បានធ្លាក់ចុះ ២៤ សេន ឬ០.២៣% មកនៅត្រឹម ១០២,៩០ ដុល្លារអាមេរិកក្នុង១បារ៉ែល (ធុង) គិតត្រឹមម៉ោង ០៧ និង ៤៩ នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីបានឡើងថ្លៃ ២,៦៨ ដុល្លារ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ចំណែកប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,០៧ ដុល្លារ ឬ ១,០៨% មកត្រឹម ៩៧,៦៤ ដុល្លារក្នុង១បារ៉ែល បន្ទាប់ពីបានកើនឡើងជិត ៣ ដុល្លារ កាលពីការជួញដូរមុន។
សូមជម្រាបថា កិច្ចសន្យាប្រេងទាំង ២ បានកើនឡើងជាង ៤០% នៅក្នុងខែនេះ ដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០២២ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ជំរុញឱ្យទីក្រុងតេអេរ៉ង់បិទខ្ទប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលរារាំងការផ្គត់ផ្គង់ប្រេង១ភាគ៥របស់ពិភពលោក ហើយក៏ជាការរំខានដ៏ធំបំផុតមិនធ្លាប់មានពីមុនមកផងដែរ។
លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសថា លោកកំពុងតែទាមទារឱ្យប្រទេសនានា ជួយការពារច្រកហ័រមូស ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងចរចាជាមួយប្រទេសជាច្រើនជុំវិញកិច្ចការនេះ។ លោកថា សហរដ្ឋអាមេរិកក៏កំពុងទាក់ទងជាមួយអ៊ីរ៉ង់ផងដែរ ប៉ុន្តែបានសម្តែងការសង្ស័យថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាដើម្បីបញ្ចប់ជម្លោះមួយនេះ៕

ចែករំលែកព័តមាននេះ