ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបសំណេះ សំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី ក្នុងដំណើរទស្សនកិច្ចផ្លូវការ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​សំណេះសំណាល​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​សហគមន៍​ខ្មែរ​ប្រមាណ ១៥០​នាក់ ដែល​អញ្ជើញ​មក​ពី​ទីក្រុង​ធំ​ៗ​រួម​មាន កង់​បេ​រ៉ា ស៊ី​ដ​នី មែ​ល​ប៊​ន និង​អា​ដឺ​ឡែ​ត​។

ជាក់ស្តែង លោក​ប្រាក់​សុ​ខុន បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែមីនា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ ចំនួន​ប្រមាណ​១៥០​នាក់ មក​ពី​ទីក្រុង Canberra ទីក្រុង Sydney ទីក្រុង Melbourne និង​ទីក្រុង Adelaide នៅ​ប្រទេស​អូស្ត្រាលី ។

ឯកឧត្តម បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់ ព្រះករុណា​ព្រះមហាក្សត្រ​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​សួរសុខទុក្ខ​នេះ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ស្មារតី​យកចិត្តទុកដាក់ និង​សេចក្តី​កង្វល់​របស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​បញ្ជាក់​ពី​គោលការណ៍​ថា «​មិន​ដែល​បោះបង់​បងប្អូន​ណា​ម្នាក់​ឡើយ​» ទោះបីជា​រស់នៅ​ទីណា​ក៏​ដោយ ព្រោះ​ប្រជាជន​កម្ពុជា​គ្រប់​រូប ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​ខ្មែរ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ទំនាក់ទំនង​កម្ពុជា​-​អូស្ត្រាលី បាន​វិ​វត្ត​ទៅ​ជា «​ភាព​ជា​ដៃគូ​ដ៏​ចាស់ទុំ និង​ទំនើប​» ដែល​ត្រូវ​បាន​កសាង​លើក​លើ​មូលដ្ឋាន នៃ​ចំណង​ការទូត​ជាង​៧៤​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៩៥២ ។ ឯកឧត្តម ក៏​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ក្នុង​ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ដំបូង ក្នុង​នាម​ជា រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​សំខាន់​ៗ​របស់​ប្រទេស​អូស្ត្រាលី ក្នុង​នោះ​មាន​ប្រធានរដ្ឋសភា រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ផង​ដែរ ។ ជំនួប​ទាំងនេះ​នឹង​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​អូស្ត្រាលី ព្រមទាំង​គាំទ្រ​ដល់​ការ​ធ្វើ​ឱ្យ​មាន​អាទិភាព​ផ្នែក​សេដ្ឋកិច្ច និង​ការ​លើកកម្ពស់​ផលប្រយោជន៍​ជាតិ​ស្នូល​របស់​កម្ពុជា ។

រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ការ​ការពារ​អធិបតេយ្យ​ជាតិ​យ៉ាង​សកម្ម តាម​រយៈ​ត្រៀម​រួច​ជា​ស្រេច​ផ្នែក យោធា ការទូត និង​ផ្លូវច្បាប់ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ស្មារតី​សាមគ្គីភាព និង​ការ​លើកទឹកចិត្ត​របស់​បងប្អូន​សហគមន៍​ខ្មែរ ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ដែល​ជា​ប្រភព​នៃ​ការ​គាំទ្រ​យ៉ាង​រឹង​មាំ ដល់​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា និង​ជួយ​ពង្រឹងស្មារតី​ប្តូរផ្តាច់​របស់​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ