រាជធានីភ្នំពេញ ៖ ផ្លូវជាតិលេខ៧១C កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តជាប់ព្រំប្រទល់ ។
ជាក់ស្តែងបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះថា ៖ ផ្លូវជាតិលេខ៧១C បាន និងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា
សូមជម្រាបជូនថា ផ្លូវជាតិ លេខ៧១C គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ ។
ផ្លូវជាតិនេះ មានប្រវែង១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៥ ៕
ចែករំលែកព័តមាននេះ