(រាជធានីភ្នំពេញ)៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ កម្ពុជាកំពុងស្ថិតក្រោមឥទ្ធិពលខ្យល់មូសុង ដែលនាំមកនូវការប្រែប្រួលធាតុអាកាសខុសៗគ្នាទៅតាមតំបន់នីមួយៗ។
សម្រាប់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ រួមជាមួយខេត្តកណ្ដាល តាកែវ និងព្រៃវែង ត្រូវត្រៀមខ្លួនសម្រាប់អាកាសធាតុក្ដៅហួតហែងដែលសីតុណ្ហភាពអតិបរមាអាចឡើងដល់ ៣៦អង្សាសេ ហើយក៏អាចមានភ្លៀងធ្លាក់តិចតួចក្នុងកម្រិត ១០ភាគរយ អមដោយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ខណៈដែលបណ្ដាខេត្តដទៃទៀតក្នុងតំបន់វាលទំនាបគឺមិនមានភ្លៀងធ្លាក់នោះទេ។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាបវិញ សីតុណ្ហភាពក៏ក្ដៅខ្លាំងមិនចាញ់គ្នាប៉ុន្មានដែរគឺអាចឡើងដល់ ៣៥អង្សាសេ ដោយមានតែខេត្តកំពង់ស្ពឺមួយប៉ុណ្ណោះដែលមានលទ្ធភាពមានភ្លៀងធ្លាក់តិចតួច។ ចំណែកឯតំបន់មាត់សមុទ្រដែលរួមមានខេត្តកោះកុង ព្រះសីហនុ កំពត និងកែវ អាចនឹងមានភ្លៀងធ្លាក់ក្នុងរង្វង់ ១៥ភាគរយ ជាមួយសីតុណ្ហភាពអតិបរមា ៣៤អង្សាសេ និងរលកសមុទ្រដែលមានកម្ពស់មធ្យមត្រឹមតែ ១ម៉ែត្រប៉ុណ្ណោះ ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរកម្សាន្តតាមទឹក។
ស្ថិតក្នុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋទាំងអស់បន្តតាមដានព័ត៌មានអាកាសធាតុជាប្រចាំ និងយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលស្មានមិនដល់ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ៕
ចែករំលែកព័តមាននេះ