រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចំនួនពីរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុប ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធនឹងករណីបើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទម្រង់ផ្សេងៗគ្នា។ នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
ប្រភពបានលើកឡើងថា ប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ករណីទី១ ៖ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងផ្ទះលេខ៦ ផ្លូវ ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួន ជនជាតិចិនតៃវ៉ាន់ ៦នាក់( ស្ត្រី០១នាក់ ) និងដកហូតទូរសព្ទដៃ ចំនួន ៤គ្រឿង, all in one ១គ្រឿង, monitor ៩គ្រឿង និងធុង CPU ៤ ។
ករណីទី២ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ទីតាំង នៅបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ជាលទ្ធផលឃាត់ខ្លួនជនជាតិចិនសរុបចំនួន៥៥នាក់(ស្រី្ត០៥នាក់) និងដកហូតសម្ភារៈ All in One ចំនួន ៩៨គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៥គ្រឿង, Monitor ចំនួន ៩គ្រឿង, CPU ចំនួន ០៧គ្រឿង, ទូរស័ព្ទដៃ ចំនួន ១១៣គ្រឿង, ដុំ wifi ចំនួន ០៣គ្រឿង, ស៊ីមកាតបរទេសមួយចំនួន ។
តាមការសន្និដ្ឋានទាំងពីរករណីនេះ ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមរូបភាពបង្កើត វេបសាយ លក់អីវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាងទីផ្សារក្លែងក្លាយ អូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ និងទទួលបានការងារការងារ ដែលមានគោលដៅ កោះតៃវ៉ាន់ និងប្រទេសចិន ។
ប្រភពបានឱ្យដឹងថា បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ៦១នាក់ ព្រមទាំងសម្ភារៈវត្ថុតាង ដែលដកហូតបានទាំងអស់ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ ៕







ចែករំលែកព័តមាននេះ