អ៉ីស្រាអែល-លីបង់់ ៖ អ៉ីស្រាអែល នាថ្ងៃទី២៦ ឧសភា បន្តពង្រីកប្រតិបត្តិការវាយប្រហារតាមជើងគោក និងទម្លាក់គ្រាប់បែកព្រមទាំងបាញ់ផ្លោងខ្លាំងក្លាបំផុតលើភាគខាងត្បូងលីបង់។ នៅតំបន់នោះទីក្រុងធំ៤ រងការ
កម្ទេចមួយផ្នែក ឬទាំងស្រុង។

នាថ្ងៃទី២៦ ឧសភា កងទ័ពអ៉ីស្រាអែលឲ្យប្រជាជនទីក្រុងណាបាទីយេ ជាទីក្រុងធំទី២ នៅភាគខាងត្បូងលីបង់ ជម្លៀសខ្លួនចេញមុនពេលវាយប្រហារខ្លាំងក្លាថែមទៀត។ ទីក្រុងនោះ រងការបំផ្លាញធ្ងន់ធ្ងររួចមកហើយ។ បណ្ដាសង្កាត់ទាំងមូលត្រូវកម្ទេច ដែលពេលនេះមិនអាចរស់នៅបាន។ ក្រោយការឲ្យជម្លៀសចេញនោះ កងទ័ពអ៉ី
ស្រាអែលចាប់វាយប្រហារច្រើនលើក ដែលគេឃើញផ្សែងកំពុងតែហុយឡើងលើនៅឡើយ។

ទីក្រុងឃិយ៉ាមដែលមានប្រជាជន៣០.០០០នាក់ ស្ថិតនៅចម្ងាយ៦គីឡូម៉ែត្រពីព្រំដែនជាមួយអ៉ីស្រាអែល រងការបំផ្លាញទាំងស្រុង និងគ្មានមនុស្សរស់នៅ។ ចំណែកទីក្រុងBINT -JBEILចម្ងាយ៤កីឡូម៉ែត្រ ពីព្រំដែនជាកន្លៃងកំពុងមានការប្រយុទ្ធគ្នាយ៉ាងប្រគៀក ។ នៅទីក្រុងនោះពុំមាននៅសល់ប្រជាជនឡើយក្នុងចំណោមប្រជាជន៣០.០០០នាក់ ។

រីឯទីក្រុងទៀរនៅជាប់ឆ្នេរសមុទ្រចម្ងាយ២៥គីឡូម៉ែត្រពីព្រំដែន មានប្រជាជនដល់១៥០.០០០នាក់ ក៏រងការវាយ ប្រហារធ្ងន់ធ្ងរពីសំណាកអ៉ីស្រាអែលដែរ។ កងទ័ពអ៉ីស្រាអែលបានបាញ់ផ្លោងខ្លាំងក្លាលើទីក្រុងនេះ បណ្ដាលឲ្យបណ្ដាសង្កាត់ទាំងមូលរងការកម្ទេច ។ ចំណែកទីក្រុងនានានៅភាគខាងកើតលិបង់ក៏រងការវាយប្រហារធ្ងន់ធ្ងរពីសំណាក់កងទ័ពអ៉ីស្រាអែលបណ្ដាលឲ្យមនុស្សច្រើននាក់ស្លាប់ ។ អ៉ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅលីបង់ក៏ទោះបីមានបទឈប់បាញ់គ្នាក្ដី ៕
ចែករំលែកព័តមាននេះ