ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អយ្យការ​ខេត្តមណ្ឌលគិរី សម្រេច​ចោទប្រកាន់​ក្រុម​ក្ដោប​ក្ដាប់​បណ្ដាញ​ឆបោក​អន​ឡាញ​ឆ្លង​ដែនជិត​៥០​នាក់ បញ្ជូន​ទៅ​តុលាការ និង​ត្រៀម​បណ្ដេញចេញ

27 នាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​ ជនបរទេស​ចំនួន​៤៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួនចំណុច​ផ្ទះ​ឈ្មោះ គ្រុយ ថា​វី​ន ស្ថិត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ ដែល​ក្រុម​ទាំងនេះ​ គឺ​មានការ​រៀបចំ​ជា​ក្រុម មានការ​ចាត់តាំង និង​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

យោង​តាម​សេចក្ដី​ប្រកាស​ព័​ត៍​មាន​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដែល​កោះសន្តិភាព​ទើប​ទទួល​បាន​ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០២៦ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​បទល្មើស​នៅ​ចំណុច​ផ្ទះ​ឈ្មោះ គ្រុយ ថា​វី​ន ស្ថិត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​រក​ឃើញ​សញ្ញាណ​ជន​បរ​ទស​ប្រមូលផ្តុំ​សង្ស័យ​ប្រព្រឹត្ត បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)​។ ​កម្លាំង​ចម្រុះ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ជាក់ស្ដែង ជា​លទ្ធផល​រក​ឃើញ​ជនបរទេស​សរុប​៤៦​នាក់​/​ស្រី​៤​នាក់ ស្មើ​២​សញ្ជាតិ (​ជនជាតិ​ចិន​ចំនួន​២៨​នាក់​/​ស្រី​០​នាក់ និង ជនជាតិ​វៀតណាម​ចំនួន​១៨​នាក់​/​ស្រី​៤​នាក់​)​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​បរ​ទស​ទាំងនោះ​ អ្នកគ្រប់គ្រង​ទូទៅ និង​អ្នកសម្របសម្រួល ការងារ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ជនជាតិ​ចិន​ចំនួន​៦​នាក់ និង​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ ។ ​កម្លាំង​ចម្រុះ​បាន​រក​ឃើញ​សម្ភារៈ​បច្ចេកវិទ្យា​រួម​មាន​កុំព្យូទ័រ​លើ​តុ​៦៧​គ្រឿង​, ទូរស័ព្ទ​១០៧​គ្រឿង​ដែល​បម្រើ​ការ​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​ប​ច្ចេ​វិទ្យា​។​

ជាល​ទ្ឋ​ផល​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​លើ​សម្ភារៈ និង​កំណត់​បាន​សញ្ញាណ បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គោលដៅ​ប្រទេស​ជប៉ុន ក្រោម​រូបភាព​លួងលោម​ស្នេហា​អូស​ទាញ​ឱ្យ​ជន​រង​គ្រោះ វិនិយោគ​រូបិយប័ណ្ណ​គ្រីប​តូ​លើ​គេហទំព័រ​ក្លែងក្លាយ និង​គោលដៅ​ប្រទេស​វៀតណាម​ក្រោម​រូបភាព​លួងលោម​ស្នេហា អូស​ទាញ​ឱ្យ​ជន​រង​គ្រោះ​វិនិយោគ​លើ​គេហទំព័រ​ទិញ​ទំនិញ​តាម​អន​ឡាញ​ក្លែងក្លាយ​។

ប្រភព​ដដែល​បន្ត​ថា ទីតាំង​នៃ​ការ​ប្រព្រឹត្ត​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ខាងលើ​ត្រូវ​បាន​រៀបចំ ដឹកនាំ​ដោយ​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​ចំនួន​១​នាក់ ។ ​ចំណែក ជនបរទេស​ចំនួន​៣៨​នាក់ គឺ​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្នើ​សុំ​គោលការណ៍​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្តេញ ពី​ព្រះរាជាណាចក្រ​កម្ពុជា​តាម​នីតិវិធី​។

​ក្រោយ​ពី​ការ​ពិនិត្យ​របាយការណ៍​លេខ​២៧ របក​សយ ចុះ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ របស់ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​, ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ និង​ប្រមូល​ភស្តុ​តាង​នានា​រួច​មក តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ចំនួន​៨​នាក់ (​ជនជាតិ​ចិន​ចំនួន​៦​នាក់ ជនជាតិ​វៀតណាម​ចំនួន​២​នាក់​) (​ឃាត់ខ្លួន​) ពី​បទ​៖ ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មានការ​រៀបចំ​ជា​ក្រុម​បាន ការ​ចាត់តាំង ប្រព្រឹត្ត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​កាល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ តាម​បញ្ញត្តិ​មាត្រា​៥ កថាខណ្ឌ​ទី​១ និង​កថាខណ្ឌ​ទី​៣ ចំណុច​១ នៃ​ច្បាប់​ស្តី​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

​ចំណែក​ជនជាតិ​ចិន​ចំនួន​២​នាក់ (​គេចខ្លួន​) ជនជាតិ​ខ្មែរ​ចំនួន​១​នាក់ (​គេចខ្លួន​) និង​បក្ខពួក (​គេចខ្លួន​) ពី​បទ រៀបចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ប្រព្រឹត្ត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់ មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ តាម​បញ្ញត្តិ​មាត្រា​៦ កថាខណ្ឌ​ទី​១ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ក្រុម​អ្នក​សង្កេត​បញ្ហា​សង្គម​បាន​លើក​ឡើង​ថា ថ្វី​ដ្បិត​ខេត្តមណ្ឌលគិរី នៅ​តំបន់​ភូមិភាគ​ឦសាន​ឆ្ងាយ​ពី​រាជធានី តែ​មួយ​រយៈ​នេះ​លំហូរ​ជនបរទេស​ដែល​ជ្រក​ក្នុង​រូបភាព​ទេសចរ បាន​ហូរ​ចូល​ខេត្តមណ្ឌលគិរី​ជា​បន្តបន្ទាប់ ហើយ​លួចលាក់​គប់គិត​ជាមួយ​ជន​មួយ​ក្តាប់​តូច បើក​ទីតាំង​ប្រព្រឹត្ត​សកម្មភាព​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ជា​ពិសេស​ព្រោះតែ​ការ​បង្ក្រាប​លើ​បញ្ហា​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)​គ្មាន​ប្រ​សិ​ទ្ឋ​ភាព ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​របស់​ខេត្តមណ្ឌលគិរី​ចំនួន​បី​រូប បាន​របូត​ដំណែង​ថ្មី​ៗ​កន្លង​ទៅ​នេះ​៕