អ្នកដែលចូលចិត្តទទួលទានផ្លែ បំពេញរាជ្យ ដែលភាសាទូទៅគេនិយមហៅថា ផ្លែកំពីងរាជ្យ ដោយលេបគ្រាប់សូមប្រុងប្រយ័ត្ន វាអាចបង្កបញ្ហារហូតត្រូវវះកាត់សង្គ្រោះជីវិត ។

មន្ទីរពេទ្យកាលម៉ែត បានចេញសារនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយព្រមានហើយរំលឹកពីគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយសារតែការទទួលទានផ្លែ បំពេញរាជ្យនេះ ។
ផ្លែ បំពេញរាជ្យ គឺជាប្រភេទផ្លែឈើមួយ ដែលប្រជាពលរដ្ឋកម្ពុជាស្គាល់ និងនិយមទទួលទានសឹងគ្រប់ៗគ្នា ប៉ុន្តែបងប្អូនពិតជាមិនសូវចាប់អារម្មណ៍ថាការបរិភាគផ្លែឈើនេះទាំងគ្រាប់អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬអាចបង្កជាគ្រោះថ្នាក់រហូតដល់ចាំបាច់ត្រូវព្យាបាលដោយការវះកាត់ទៀតផង។

ប្រភពដដែលបានបន្តថា ជាធម្មតាគ្រាប់ផ្លែ បំពេញរាជ្យ មិនអាចរំលាយឬកិនបំបែក ដោយសារទឹកអាស៊ីតក្រពះនិងសរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ គ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំ មុនបន្ទោរបង់ចេញមកជាមួយលាមក។
ប្រភពដដែលបានសង្កត់ធ្ងន់ថា នៅក្នុងករណីគ្រាប់នោះវាបញ្ចេញរួចតាមការបន្ទោបង់មកក្រៅមិនជាអ្វីទេ។ ប៉ុន្តែប្រសិនបើវាមិនអាចបញ្ចេញមកក្រៅបានទេនោះបញ្ហានឹងកើតមាន ពោលគឺវានឹងរំខានដល់ការរំលាយអាហារ និងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀនដែលធ្វើឲ្យមានអាការៈ ឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬក្អួតជាដើម។

ប្រភពដដែលបានបន្ថែមថា នៅក្នុងករណីនេះ វាបង្កឲ្យរលាកតាមផ្លូវរំលាយអាហារដែលមានអាការៈ ចុកពោះ រាគមួល និង គ្រុនក្ដៅហើយក៏ង្កឲ្យលាមករឹងក្ដៀន ពិបាកបន្ទោរបង់។
នៅក្នុងករណីធ្ងន់ធ្ងរ មន្ទីរពទ្យបានសង្កត់ធ្ងន់ថា គ្រាប់ បំពេញរាជ្យ កកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។

ម្យ៉ាងវិញទៀត គ្រាប់ បំពេញរាជ្យ ដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ(Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្គ្រោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ ។
ប្រភពដដែលបានបន្តថា ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះ ងាយកើតលើបុគ្គល ដែលមានវ័យចំណាស់ ហើយមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់ ឫក្រុមមនុស្សមានជំងឺផ្លូវរំលាយអាហារស្រាប់ អ្នកឧស្សាហ៍ក្ដៀនលាមកដែលជារឿយៗពិបាកបន្ទោរបង់។ មនុស្សមានជំងឺប្រចាំកាយ និងប្រព័ន្ធភាពស៊ាំចុះខ្សោយដែលងាយឆ្លងរោគ ហើយងាយរលាកផ្លូវអាហារ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកកើតជំងឺឱកាសនិយមផ្សេងៗជាដើម។
ក្រៅពីនោះមនុស្សប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួន ដែលថ្នាំខ្លះមានសកម្មភាពឲ្យចលនាពោះវៀនថយចុះ ជាពិសេសពពួកថ្នាំមួយចំនួនក្នុងជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវចិត្ត ។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ វិធីព្យាបាលផលវិបាកនៃការលេបគ្រាប់ផ្លែឈើនេះ គឺក្នុងករណីហូបគ្រាប់ផ្លែ បំពេញរាជ្យ ចំនួនតិច អាចបង្កផលវិបាកកម្រិតស្រាល ដែលទាមទារការព្យាបាលដោយប្រើថ្នាំបន្ទន់លាមក ក្នុងគោលបំណងឲ្យបានបន្ទោរបង់គ្រាប់ ទាំងនោះចេញមកវិញ។ តែផ្ទុយទៅវិញ ក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរដូចបានរៀបរាប់ខាងលើ គឺចាំបាច់ព្យាបាលដោយការវះកាត់ក្នុងគោលបំណងយកគ្រាប់ផ្លែបំពេញរាជ្យ និងលាមកដែលកកស្ទះក្នុងពោះវៀនចេញ ហើយលាងសម្អាតស្រោមពោះ ព្រមទាំងវះកាត់ពោះវៀនធ្លាយទៅតាមក្បួនវេជ្ជសាស្ត្រ។
ចែករំលែកព័តមាននេះ