ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានកោះអញ្ជើញក្រុមអាជីវករធ្វើអាជីវកម្មខ្សាច់ទន្លេ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រុមអ្នកសារព័ត៌មាន មកប្រជុំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីច្បាប់ ជលវិទ្យា ជលគតិ និងការវាយតម្លៃផលប៉ះពាល់ នៃអាជីវកម្មបូមខ្សាច់ មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ បរិស្ថាន និងសុវត្ថិភាពមាត់ច្រាំងទន្លេផងដែរ ។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តខេត្តព្រៃវែង បានឲ្យដឹងថា នៅក្នុងខេត្តព្រៃវែង មានក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ទន្លេ ដែលមានលិខិត អនុញ្ញាតអាជីវកម្ម សរុបចំនួន ១០អាជ្ញាបណ្ណ ក្នុងនោះបូមខ្សាច់សំណង់ និងដីល្បាយខ្សាច់ ចំនួន ០៩អាជ្ញាបណ្ណ និងបូមខ្សាច់គាំទ្រប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ០១អាជ្ញាបណ្ណ ។
លោក អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់លាស់ អំពីបទដ្ឋានគតិយុត្ត និងច្បាប់ធរមាននានា ដល់ប្រតិបត្តិករ អាជ្ញាធរពាក់ព័ន្ធ និងក្រុមអ្នកសារព័ត៌មានផងដែរ ដើម្បីពង្រឹងយន្តការគ្រប់គ្រង និងការធ្វើអាជីវកម្មខ្សាច់ទន្លេឱ្យមានតម្លាភាព និងគណនេយ្យភាព និងធានាថា ការបូម និងការដឹកជញ្ជូនខ្សាច់ ត្រូវអនុវតទៅតាមបទដ្ឋានបច្ចេកទេស ជៀសវាងការបាក់ច្រាំង និងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន ព្រមទាំងចរន្តទឹក ។
រដ្ឋលេខាធិការ បានបន្តថា អាជីវកម្មខ្សាច់ គឺជាផ្នែកមួយ នៃការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវាក៏ទាមទារឱ្យមានការគ្រប់គ្រងយ៉ាងម៉ត់ចត់បំផុត។ រាល់ការធ្វើអាជីវកម្មទាំងអស់ ត្រូវតែធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ ការពារផលប្រយោជន៍សាធារណៈ និងធានាបាននូវចីរភាពបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានបើកឱកាសឱ្យអ្នកចូលរួមជជែកពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅធ្វើឱ្យការអនុវត្តការងារគ្រប់គ្រងធនធានខ្សាច់នៅក្នុងខេត្តព្រៃវែង កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ៕





ចែករំលែកព័តមាននេះ