ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យមានការផលិតទំនិញបែបយុទ្ធសាស្រ្តឱ្យបានច្រើន ខណៈទំនិញពីថៃបានកាត់ផ្តាច់នាំចូល

6 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ឲ្យ​មានការ​ផលិត​ទំនិញ​បែប​យុទ្ធសាស្ត្រ​ឱ្យ​បាន​ច្រើន ខណៈ​ពេល​សម្តេច​រំលឹក​ថា នៅ​ពេល​មាន​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ សម្តេច​បាន​ជំរុញ​ឱ្យ​ផលិត​ទំនិញ​យុទ្ធសាស្ត្រ​មួយ​ចំនួន ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក ។

ថ្លែង​ចេញពី​វេទិកា​សម្ពោធ​រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ដោយសារ​ការ​ផ្គត់ផ្គង់​ទំនិញ​ចាំបាច់​មួយ​ចំនួន​មិន​ទាន់​បាន​បំពេញតម្រូវការ​ដល់​ប្រជាពលរដ្ឋ សម្តេច​បាន​ជំរុញ​ឱ្យ​មានការ​ផលិត​បន្ថែម​ទៀត ដោយ​បាន​ដាក់​ចេញ​គោលការណ៍​អនុគ្រោះ​ពន្ធ ។

សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ «​នៅ​ពេល​មាន​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ខ្ញុំ​បាន​ជំរុញ​ឱ្យ​មើល​ឧស្សាហកម្ម​យុទ្ធសាស្ត្រ ។ ការ​វិនិយោគ​យុទ្ធសាស្ត្រ​មួយ​ណា ដើម្បី​បង្កើន​នៅ​ក្នុងស្រុក​ដែល​អាច​ធ្វើ​បាន​ពង្រីក​លទ្ធភាព​ក្នុងស្រុក​ចាប់​យក​ឱកាស ឱកាស​ដែល​ប្រជាពលរដ្ឋ​មក​គាំទ្រ ផលិតផល​ក្នុងស្រុក​ត្រូវ​មាន​ចីរភាព ។

ចឹ​ង​ចីរភាព​ត្រូវ​មាន​ទាំង​ពីរ​ទាំង​ផលិតផល​ដែល​មានគុណ​ភាព ចីរភាព និង​អ្នកទិញ ដែល​មាន​ចីរភាព និង​គុណភាព ។ ពីរ​នេះ​កើតឡើង​ជាមួយ​គ្នា​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​បាន​លើក​ឡើងជា​ធម្មតា អ្នកទិញ​ទៅ​យក​ប្រើប្រាស់ ឬ​បរិភោគ​ត្រូវ​តែ​គិត​ពី​គុណភាព​ជា​ចម្បង​ដើម្បី​សុខភាព​ល្អ ។ សម្តេច​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ទំនិញ​សាកល្បង​ដែល​ជំរុញ​ផលិត​ពេល​មាន​ជម្លោះព្រំដែន​ជាមួយ​ភាគី​ថៃ​នោះ​រួម​មាន ៖ ទឹកដោះគោ មី និង​ស្ករស ដែល​រដ្ឋ​បាន​ដាក់​គោលដៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ឈាន​ទៅ​ដល់​កាត់​ផ្តាច់​ជា​អតិបរិមា និង​ពង្រីក​ការ​ផលិត ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ទៀត​ថា នៅ​ពេល​ផ្ទុះ​សង្គ្រាម​ជាមួយ​ភាគី​ថៃ ការ​ផលិត​មី​ក្នុងស្រុក​មាន​តែ​២០%​ប៉ុណ្ណោះ​ដែល​ចំនួន​នេះ មិន​អាច​បំពេញតម្រូវការ​ផ្គត់ផ្គង់​គ្រប់គ្រាន់ ប៉ុន្តែ​ដើម្បី​លើកទឹកចិត្ត​ក្នុង​ការ​ផលិត រដ្ឋ​បាន​ដាក់​គោលនយោបាយ​អនុគ្រោះ​ពន្ធ​មួយ​ចំនួន ដើម្បី​ជួយ​ដល់​ការ​ផលិត​នៅ​ក្នុងស្រុក ៕