ទីក្រុងមូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនសម្រេចបានជោគជ័យធំ ដោយបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនសរុបចំនួន ៦០៥ គ្រឿង, គ្រាប់រ៉ុកែ្កត ផលិតដោយអាម៉េរិកចំនួន ១២ គ្រាប់, មីស៊ីលរយៈចម្ងាយឆ្ងាយ ២ គ្រាប់ និងគ្រាប់បែកនាំផ្លូវអាកាស ៤ គ្រាប់ទៀត។ នេះបើយោងតាមសារព័ត៌មាន Xinhuaចុះផ្សាយនៅថ្ងៃទី១៥ ខែមីនានេះ។
ក្នុងនោះដែរ អភិបាលក្រុងមូស្គូបានឱ្យដឹងថា ដ្រូនចំនួន ២៨ គ្រឿងត្រូវបានស្ទាក់ចាប់បានភ្លាមៗ ខណៈកំពុងហោះសំដៅមកវាយប្រហាររដ្ឋធានីមូស្គូ។
ការបង្កើនការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់អ៊ុយក្រែននាពេលនេះ ធ្វើឡើងក្នុងបំណងវាយបកទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូនរបស់រុស្ស៊ី។ ជាការឆ្លើយតប កងទ័ពរុស្ស៊ីក៏បានបើកប្រតិបត្តិការវាយឆ្មក់ទៅលើទីតាំងហ្វឹកហ្វឺនដ្រូន និងកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ទាហានស៊ីឈ្នួលបរទេសនៅក្នុងទឹកដីអ៊ុយក្រែនវិញយ៉ាងចាស់ដៃផងដែរ។ ស្ថានការណ៍នេះសបញ្ជាក់ឱ្យឃើញថា សង្គ្រាមបច្ចេកវិទ្យាអាកាសរវាងប្រទេសទាំងពីរកាន់តែមានភាពសាហាវខ្លាំងឡើង ដែលបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់៕
ចែករំលែកព័តមាននេះ