ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បន្ត​នាំ​យក​ឱកាស​ការងារ​ ប្រមាណ ១ ០០០​កន្លែង​ ទៅ​ដល់​មូលដ្ឋាន ក្នុង​ខេត្តបន្ទាយមានជ័យ

19 នាទី មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ ខែមីនា ឆ្នាំ​២០២៦ នេះ រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ធំ​ៗ​ចំនួន…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ ខែមីនា ឆ្នាំ​២០២៦ នេះ រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៤ បាន​ចូលរួម​សម្ភាសន៍ ​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់ នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ​។ វេទិកា​នេះ​បាន​នាំ​យក​ឱកាស​ការងារ​ ចំនួន​ប្រមាណ ១ ០០០​កន្លែង មក​បង្ហាញ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ក្នុង​យុទ្ធនាការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ស​ប្តា​ហ៍ ​នៅ​តាម​មូលដ្ឋាន​គោលដៅ ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្ដល់​ការងារ​ឱ្យ​ខ្មែរ​» ​។

ក្នុង​ឱកាស​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ចូលរួម សម្ភាស​ស្វែងរក​ការងារ​នៅ​បរិវេណ​សាលាស្រុក​ស្វាយចេក ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ក្រសួង​បាន​និង​កំពុង​ខិតខំ​ប្រមូលផ្ដុំ​ព័ត៌មាន​ការងារ​ ឱ្យ​បាន​សម្បូរ​បែប​បំផុត ដើម្បី​ដាក់​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ ។ ជាក់ស្តែង ក្នុង​វេទិកា​នៅ​ថ្ងៃនេះ ប្រជាពលរដ្ឋ យុវជន និង​ជា​ពិសេស​អតីត​ពលករ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ អាច​ធ្វើការ​ចុះ​ឈ្មោះ និង​សម្ភាសន៍​ដើម្បី​ទទួល​បានការ​ងារ​ភ្លាម​ៗ ​ពី​ក្រុមហ៊ុន​ធំ​ៗ​ទាំង ៤ ដែល​បាន​មក​ដល់ទី​តាំង​ផ្ទាល់​តែ​ម្ដង​ ។

ឯកឧត្តម រដ្ឋលេខាធិការ បាន​សង្កត់ធ្ងន់​ថា ការ​នាំ​យក​ឱកាស​ការងារ​ មក​ដល់​កៀក​ផ្ទះ​បែប​នេះ គឺជា​យុទ្ធសាស្ត្រ​ថ្មី​ ដែល​ជួយ​កាត់​បន្ថយ​ទាំង​ពេលវេលា និង​ការ​ចំណាយ​ថវិកា​របស់​បងប្អូន ដែល​ខុស​ពី​សម័យ​មុន​ ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ស្វែងរក​ការងារ​ដោយ​ខ្លួនឯង​ ។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ ងាក​មក​ចាប់​យក​ការងារ​ក្នុងស្រុក ដែល​មាន​ប្រាក់​ឈ្នួល​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អ និង​មានឱកាស​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ មើលថែ​ទាំ​កូនចៅ និង​ឪពុក​ម្ដាយ ​។ ការ​ធ្វើការ​ក្នុងស្រុក​មិន​ត្រឹមតែ​ជៀស​ផុត​ពី​ការ​កេងប្រវ័ញ្ច​ កម្លាំង​ពលកម្ម​ខុសច្បាប់​នៅ​ក្រៅប្រទេស ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​នូវ​អត្ថប្រយោជន៍ និង​ការ​គាំពារ​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) យ៉ាង​ពេញលេញ​ផង​ដែរ​ ។

ក្រៅពី​ការ​ផ្តល់​ការងារ ឯកឧត្តម ប៉ុក ប៉ាន់ ក៏​បាន​ជំរុញ​ឱ្យ​យុវជន និង​ពលករ​ដែល​ត្រឡប់​ពី​ក្រៅប្រទេស ចាប់​យក​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស (TVET 1.5M) ដែល​ជា​កម្មវិធី​អាទិភាព​របស់​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​បាន​នូវ​គោលដៅ «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» ។ ចំពោះ​បងប្អូន​ ដែល​មាន​ជំនាញ​ស្រាប់តែ​ មិន​ទាន់​មាន​វិញ្ញាបនបត្រ​ទទួលស្គាល់ ក្រសួង​ក៏​បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) ដែល​អនុញ្ញាត​ឱ្យ​បុគ្គល​គ្រប់​រូប​អាច​ស្នើ​សុំ​ធ្វើតេស្ត​ ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ជំនាញ​ផ្លូវការ​ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ឱកាស​ការងារ ១ ០០០​កន្លែង ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ គឺជា​ផ្នែក​មួយ​នៃ​ឱកាស​ការងារ​សរុប​ជាង ៨៣ ០០០​កន្លែង ដែល​ក្រសួង​កំពុង​ផ្ដល់​ជូន​នៅ​ទូ​ទាំង​ប្រទេស ​៕ អត្ថបទសហការ