ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងកម្រ និងគួរឲ្យហួសចិត្ត គ្រួសារមួយចិញ្ចឹមជ្រូកនៅលើដំបូលផ្ទះ ជះក្លិនស្អុយលើផ្ទះអ្នកជិតខាង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​កម្រ​នឹង​កើត​មាន ហើយ​ក៏​ជា​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​បំផុត ខណៈ​មាន​ប្រជាពលរដ្ឋ​១​គ្រួសារ បាន​ចិញ្ចឹមសត្វ​ជ្រូក​ជា​ច្រើន​ក្បាល រួម​ទាំង​សត្វ​មាន់​ផង នៅ​លើដំបូល​ផ្ទះល្វែង​របស់​ខ្លួន​តែ​ម្ដង ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ជិតខាង​យ៉ាង​ខ្លាំង ព្រោះតែ​មាន​ក្លិនស្អុយ​ឆ្អេះឆ្អាប​អាច​ម៌…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​កម្រ​នឹង​កើត​មាន ហើយ​ក៏​ជា​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​បំផុត ខណៈ​មាន​ប្រជាពលរដ្ឋ​១​គ្រួសារ បាន​ចិញ្ចឹមសត្វ​ជ្រូក​ជា​ច្រើន​ក្បាល រួម​ទាំង​សត្វ​មាន់​ផង នៅ​លើដំបូល​ផ្ទះល្វែង​របស់​ខ្លួន​តែ​ម្ដង ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ជិតខាង​យ៉ាង​ខ្លាំង ព្រោះតែ​មាន​ក្លិនស្អុយ​ឆ្អេះឆ្អាប​អាច​ម៌ នោម ជ្រូក ជះក្លិន​សាយភាយ​ពាស​វាល​ពាស​កាល ។

មិនតែប៉ុណ្ណោះ គាត់​ក៏​បាន​រៀប​ឥដ្ឋ​សង់​កន្លែង​ដាក់​សំរាម នៅ​លើ​ចិញ្ចើម​ផ្លូវ​ថែម​ទៀត​ផង ដោយ​អត់ទ្រាំ​ទៅ និង​ក្លិនស្អុយ​អត់​បាន ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រស់នៅ​ជិតខាង​ក៏​បាន​សម្រេចចិត្ត​នាំ​គ្នា​ទៅ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ជួយ​អន្តរាគមន៍​ផង​ដែរ ។

ទីតាំង​ចិញ្ចឹមសត្វ​ជ្រូក​នៅ​លើដំបូល​ផ្ទះ​ខាងលើ​នោះ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​អ្នក​ចិញ្ចឹម​ជ្រូក​នោះ​នៅឡើយ​ទេ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គ្រួសារ​មួយ​នោះ​បាន​ចិញ្ចឹម​ជ្រូក​លើដំបូល​ផ្ទះ​យូរ​មក​ហើយ ដែល​ពេល​នេះ​ជ្រូក​ជា​ច្រើន​ក្បាល​បាន​ធំធាត់​អស់​ទៅ​ហើយ នេះ​ចាត់​ទុក​ថា ជា​រឿង​កម្រ​មួយ ដែល​កន្លង​មក​ស្ទើរតែ​១​ប្រទេស​កម្ពុជា​ពុំដែល​មាន​នរណា​ចិញ្ចឹម​ជ្រូក​លើដំបូល​ផ្ទះ​ដូច​ជា​គ្រួសារ​មួយ​នេះ​ឡើយ ។

ដោយសារ​តែ​ជា​ផ្ទះល្វែង​ជាប់​គ្នា​រដឹក​នោះ មាន​ក្លិនស្អុយ​អាច​ម៌​ជ្រូក និង​អាច​ម៌​មាន់ បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ជិតខាង​ច្រើន​គ្រួសារ ហើយ​មនុស្ស​ចាស់ ក្មេង រួម​ទាំង​អ្នក​កំពុង​មាន​ជំងឺ​ផង សុទ្ធតែ​រង​ផល​ប៉ះពាល់ គ្រប់ពេល មិន​ថា ពេល​យប់ ឬ​ពេល​ថ្ងៃ​នោះ​ទេ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា មិនតែប៉ុណ្ណោះ ក៏​មាន​សំឡេង​សត្វ​ជ្រូក​យំទារ​បាយ​ស៊ី​រំខាន​យ៉ាង​ខ្លាំង​ថែម​ទៀត​ផង ហើយ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន គ្រួសារ​មួយ​នេះ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់ និង​ការ​រំខាន​ដល់​អ្នក​ជិតខាង​ឡើយ ។ ដោយ​មិន​អាច​អត់ទ្រាំ​បាន​តទៅ​ទៀត អ្នក​ជិតខាង​ក៏​បាន​នាំ​គ្នា​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ធ្វើ​យ៉ាងណា​ឲ្យ​ម្ចាស់ផ្ទះ​ខាងលើ​យក​សត្វ​ជ្រូក​របស់​ខ្លួន​ចេញពី​ដំបូលផ្ទះ និង​លាង​សម្អាត​ទ្រុង​ជ្រូក​ចេញ​ឲ្យ​ស្អាត​ដើម្បី​បំបាត់​ក្លិនស្អុយ ។

លោក​វ៉ា សា​វឿ​ន ចៅសង្កាត់​ចោម​ចៅ​ទី​៣ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រោយ​ទទួល​បាន​ដំណឹង​នោះ​លោក បាន​ចាត់​ឲ្យ​លោក​មេ​ភូមិ​ទៅ​ប្រាប់​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​លើដំបូល​ផ្ទះ​នោះ​ឲ្យ​យក​ជ្រូក​ចេញ ហើយដោយ​បាន​កំណត់​ត្រឹម​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ ត្រូវ​តែ​យក​ចេញ​ឲ្យ​អស់ ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែមីនា ពួក​គាត់​នៅ​មិន​ទាន់​យក​ជ្រូក​ចេញ​សូ​ម្បី​តែ​១​ក្បាល​នៅឡើយ​ទេ ដោយ​ពួក​គាត់​និយាយ​ថា ពិបាក​យក​ចេញ ព្រោះ​ជ្រូក​ធំ​ៗ​ពេក ។

លោក​ចៅសង្កាត់​បាន​ថ្លែង​បន្ត​ទៀត​ថា ជ្រូក​ឲ្យ​តែ​ចិញ្ចឹម គឺ​ធំ​ហើយ ប៉ុន្តែ​ទោះបីជា​បែប​ណា ត្រូវ​តែ​យក​ចេញ ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​ពួក​គាត់​នៅ​តែ​មិន​ព្រមយក​ចេញ​ទៀត​នោះ លោក​និង​ប្ដឹង​ខាង​បរិស្ថាន​ហើយ អាជ្ញាធរ និង​មាន​វិធានការ​យក​ជ្រូក​នោះ​ចេញ​ហើយ ។

ដោយឡែក កាលពី​ថ្ងៃ​ទី​១៤ ខែមីនា លោក​បាន​ចាត់​កម្លាំង​មន្ត្រីសង្កាត់​ឲ្យ​ចុះ​ទៅ​វាយ​កន្លែង​ដែល​អ្នក​ចិញ្ចឹម​ជ្រូក​ខាងលើ សង់​ដាក់​សំរាម​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​គាត់​នោះ​ចោល​រួច​ហើយ​ដែរ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ជា​ចុង​ក្រោយមក​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ គ្រួសារ​មួយ​នោះ បាន​ចាប់ផ្ដើម​ចាប់​ជ្រូក​ដាក់​ជុច​ចងខ្សែ​រ៉​ត​ដាក់ចុះ​ចេញពី​លើដំបូល​ផ្ទះ​ហើយ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា គាត់​លក់​ឲ្យ​ឈ្មួញ ឬ​ក៏​ផ្លាស់​ទី​យក​ទៅ​ចិញ្ចឹម​បន្ត​នៅ​កន្លែង​ផ្សេង​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ