ហាណូយ ៖ នៅទីបំផុតប៉ូលិសទីក្រុងដាណាង បានបំបែកសម្បុកនៃបណ្តាញផលិតទឹកមាត់ត្រចៀកកាំក្លែងក្លាយដ៏ធំមួយកន្លែង ក្រោយចំណាយពេលជាង២ឆ្នាំ ដោយឈានទៅចាប់ខ្លួនមេក្លោងចំនួនពីរនាក់ និងរឹបអូសបានទឹកមាត់ត្រចៀកកាំ ក្លែងក្លាយរាប់ម៉ឺនដប ដោយពិសោធន៍ឃើញថា មិនមានសារធាតុជំនួយអ្វីទាំងអស់ទៅដល់សុខភាព ឬខ្លះមានដែរ ប៉ុន្តែត្រឹមតែ១%ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងទឹកត្រចៀកកាំស្តង់ដារធម្មតា ។ អ្វីដែលកាន់តែគ្រោះថ្នាក់នោះ ផលិតផលទឹកត្រចៀកកាំដបក្លែងក្លាយទាំងនេះត្រូវបានលក់ចែកចាយទៅកាន់ទីផ្សារទាំងតាមទីក្រុង និងបណ្តាខេត្តជាច្រើនក្នុងប្រទេសវៀតណាម ។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានវៀតណាម VOV និង VN Express នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ។

ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តដាណាង បានសម្រេចចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន លើលោក Nguyen Thanh Truong (ង្វៀនថាញ់ទ្រង់) អាយុ៣៦ឆ្នាំ មកពីខេត្ត Hai Phong) និងលោក NguyenNgoc Chau (ង្វៀនង៉ុកចូវ) អាយុ៣៨ឆ្នាំ មកពីខេត្តដាណាង ដើម្បីស៊ើបអង្កេត និងបំភ្លឺពីបទផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ ។

នៅពេលឆ្មក់ចូលឆែកឆេររោងចក្រផលិតរបស់ក្រុមហ៊ុន VannestCo., Ltd. កម្លាំងសមត្ថកិច្ចទីក្រុងដាណាង បានរឹបអូសបានផលិតផលសម្បុកត្រចៀកកាំក្លែងក្លាយប្រមាណ៣៨.០០០ដប ដែលមាន១៥ ប្រភេទ ។ ការត្រួតពិនិត្យបានបង្ហាញថា ៥ប្រភេទ មិនមានផ្ទុក AcidSialic ដែលជាសមាសធាតុអាហារូបត្ថម្ភសំខាន់នៃទឹកមាត់ត្រចៀកកាំនោះទេ ចំណែកឯ១០ប្រភេទផ្សេងទៀត មានត្រឹមតែ១% ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងទឹកមាត់ត្រចៀកកាំស្តង់ដារទូទៅ ។

គួររំលឹកថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថាមានបណ្តាញដ៏គួរឱ្យសង្ស័យជាប់ពាក់ព័ន្ធនឹងការផលិតសម្បុកទឹកមាត់ត្រចៀកកាំ ដបក្លែងក្លាយចែកចាយលក់លើទីផ្សារ ដែលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពអ្នកប្រើប្រាស់នោះលោក Nguyen Huu Hop (ង្វៀនហ៊ូវ ហប) ស្នងការនគរបាលខេត្តដាណាងបានបញ្ជាឱ្យបង្កើតក្រុមប៉ូលិសស៊ើបអង្កេតជំនាញមួយក្រុម ដោយចាប់ផ្តើមតាំងតែពីឆ្នាំ២០២៣ ។

លទ្ធផលនៃការស៊ើបអង្កេតរកឃើញថា នៅឆ្នាំ២០២៣ លោក ង្វៀនថាញ់ទ្រង់ បានចេញពីខេត្តហាយហ្វុង( Hai Phong) មកបង្កើតក្រុមហ៊ុនចំនួនពីរនៅទីក្រុងដាណាង ហើយដើម្បីលាក់បាំងសកម្មភាពរបស់ខ្លួនរូបគេក៏អោយដៃគូរបស់ខ្លួន គឺលោកង្វៀន ង៉ុកចូវ និងប្អូនស្រីរបស់ចូវ ចុះឈ្មោះ និងដើរតួជាតំណាងស្របច្បាប់សម្រាប់ក្រុមហ៊ុនទាំងនេះ ។ នៅដើមឆ្នាំ២០២៤ ពួកគេបានបើកដំណើការរោងចក្រសិប្បកម្មមួយកន្លែងនៅសង្កាត់ដៀនបានដុងដើម្បីផលិត«ទឹកមាត់ត្រចៀកកាំក្លែងក្លាយ» ដោយង្វៀន ង៉ុកចូវ ជាអ្នកស្រាវជ្រាវ និងបង្កើតជាតិសរសៃទឹកមាត់ត្រចៀកកាំក្លែងក្លាយ ដែលមើលទៅដូចជា ទឹកមាត់ពិត ដើម្បីជំនួសឱ្យការប្រើប្រាស់ទឹកមាត់ត្រចៀកកាំពិតប្រាកដ ។

ប្រតិបត្តិការគ្រប់ដំណាក់កាលទាំងអស់ នៃការលាយ ច្រកដបការបិទស្លាកយីហោ ឬការវេចខ្ចប់ ត្រូវបានមើលការខុសត្រូវដោយជនសង្ស័យទាំងពីរដោយផ្ទាល់។ អ្វីដែលធ្វើឱ្យទាំងអ្នកលក់បន្ត និងអ្នកប្រើប្រាស់ត្រូវបានបោកប្រាស់ដោយពួកគេនោះ គឺចាប់ពីខែមករាឆ្នាំ២០២៤ ដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ផលិត ដែលក្រុមហ៊ុននេះចែកចាយលើទីផ្សារ គឺមានលាយជាមួយទឹកមាត់ត្រចៀកកាំពិត ប៉ុន្តែក្នុងបរិមាណតិចតួចបំផុត ។
ប៉ុន្តែរាប់ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥មក ម្ចាស់ក្រុមហ៊ុនរូបនេះបានបញ្ជាឱ្យបុគ្គលិករបស់ខ្លួនលែងប្រើទឹកមាត់ត្រចៀកកាំពិតជាវត្ថុធាតុដើមទៀតហើយ គឺប្រើវត្ថុធាតុដើមក្លែងក្លាយទាំងអស់ ។ បន្ទាប់ពីបានផលិតរួចរាល់ផលិតផលទឹកមាត់ត្រចៀកកាំដបក្លែងក្លាយទាំងនេះ ត្រូវបានចែកចាយទៅកាន់ហាងលក់រាយនៅក្នុងទីក្រុងដាណាងខេត្តថាញ់ហ្វា(Thanh Hoa) និងខេត្តហាយហ្វុង( HaiPhong) ដោយមានអ្នកប្រើប្រាស់រាប់ពាន់នាក់៕



ចែករំលែកព័តមាននេះ