ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ផ្សព្វផ្សាយ​និង​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ នៅ​ខេត្តពោធិ៍សាត់

4 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ថ្ងៃ​ទី​12​ខែកញ្ញា​ឆ្នាំ​2025 មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត បាន​រៀបចំ​ក្បួន​យុទ្ធនាការ​ផ្សព្វផ្សាយ និង​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វេទិកា​អុំទូក​ស្ថិត​ក្នុងភូមិ​សំពៅ​មាស សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ក្រោម​អធិបតីភាព​លោក…

ខេត្តពោធិ៍សាត់​៖ ថ្ងៃ​ទី​12​ខែកញ្ញា​ឆ្នាំ​2025 មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត បាន​រៀបចំ​ក្បួន​យុទ្ធនាការ​ផ្សព្វផ្សាយ និង​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វេទិកា​អុំទូក​ស្ថិត​ក្នុងភូមិ​សំពៅ​មាស សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ក្រោម​អធិបតីភាព​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ និង​ក្រុម​យុវជន​សរុប​ជាង​៤០០​នាក់ ។

​លោក លាង ទិ​ត​ដ្ឋា​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់ បាន​ជម្រាប​ជូន​ថា យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​ខេត្តពោធិ៍សាត់​នា​ពេល​នេះ​ស្ថិត​ក្រោម ប្រធានបទ​«​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» បាន​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១​ខែមេសា​ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​មាន​អ្នកចូលរួម​ប្រមាណ​១​ពាន់​នាក់​ជា​អ្នកដឹកនាំ អ្នកនាំពាក្យ អ្នក​សារព័ត៌មាន បណ្តាញ​សង្គម និង​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ទាំង​២៥​រាជធានី​ខេត្ត​។​

យុទ្ធនាការ​នេះ​អនុវត្ត​ទូ​ទាំង​ប្រទេស​ក្នុង រយៈពេល​១២​ខែ​ចាប់ពី​ខែមេសា​ឆ្នាំ​២០២៥ ដល់​ខែមីនា​ឆ្នាំ​២០២៦ ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​គ្រោះថ្នាក់​និង​ផលវិបាក​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចាប់​អនុវត្ត​ដំបូង​នៅ​ខេត្តស្វាយរៀង ជា​ការ​បញ្ជ្រាប​ការ​យល់​ដឹង​ឱ្យទៅ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍ និង​ពង្រីក​អក្ខរកម្ម​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​ពលរដ្ឋ​ឱ្យមក​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ព័ត៌មាន​ក្លែងក្លាយ​។

​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០២៤ ក្រុមការងារ​នៃ​គណៈកម្មាធិការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រសួង​ព័ត៌មាន បាន​កត់ត្រា​រក​ឃើញ​ព័ត៌មាន​ក្លែងក្លាយ​ចំនួន​៣៦៥១​ករណី បើ​ប្រៀបធៀប​ឆ្នាំ​២០២៣​មាន​ចំនួន​៣២០៨​ករណី​។​គោលដៅ​របស់​យុទ្ធនាការ គឺ​កាត់​បន្ថយ​ព័ត៌មាន​ក្លែងក្លាយ​ឱ្យមក​នៅ​កម្រិត​អប្ប​បរិ​មា សំដៅ​ធានា​សន្តិសុខ​ព័ត៌មាន គឺ​ទទួល​ព័ត៌មាន​ប្រកបដោយ គុណភាព​និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​។

​ថ្លែង​ក្នុង​ឱកាស​បើក​យុទ្ធនាការ លោក ខូ​យ រី​ដា បាន​ថ្លែង​ថា ព័ត៌មាន​ក្លែងក្លាយ​គឺជា​ព័ត៌មាន​មិន​ពិត ដោយ​ចេតនា ឬ​អ​ចេតនា ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​បង្កើត​ឡើង​ឬ​ចែកចាយ​ដោយ​មាន​បំណង​បំភាន់​មតិ​សាធារណៈ​។​ដូច្នេះ​រាល់ពេល​ប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​គិតដល់​គ្រោះថ្នាក់​ដែល​អាច​នឹង​កើតឡើង​គ្រប់ពេល​ជា​ពិសេស​លើ​បណ្តាញ​សង្គម ឬ​គណនី​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​តម្រូវ​ឱ្យ​យើង​ចេះ​ត្រិះ​រិះ​ពិចារណា រកហេតុ​ផល ស្វែងរក​ប្រភព​ជាក់លាក់ ទើប​យើង​អាច​ជៀស​ផុត​ពី​ការ​ជឿ​ខុស​និង​ខូចប្រយោជន៍ ទាំង​ខ្លួនឯង​ផ្ទាល់​និង​សង្គម​ជាតិ​។

ព័ត៌មាន​ក្លែងក្លាយ​មាន​ច្រើន​ទម្រង់ ដូច​ជា​ដំណឹង ការ​បំភ្លៃ ការ​ភាន់ច្រឡំ​ក្នុង​ការ​ផលិត ការ​ចែកចាយ ការ​បំពុល​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ លោក​សង្ឃឹមថា យុទ្ធនាការ​ផ្សព្វផ្សាយ​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ នឹង​បញ្ជ្រាប​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់ ដើម្បី​រួមចំណែក​មិន​ផ្សព្វផ្សាយ​ឬ​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ